អាម៉េរិកបើកភ្លើងខៀវលក់មីស៊ីលការពារដែនអាកាស Patriot តម្លៃ៩ពាន់លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីត

រដ្ឋធានីប៉េកាំង៖ មន្ទីរបញ្ចកោណបានអះអាងកាលថ្ងៃសុក្រទី៣០ ខែមករាថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអនុម័តលក់មីស៊ីលស្ទាក់ចាប់ ឈ្មោះ Patriot (ផេទ្រាត) និងឧបករណ៍ពាក់ព័ន្ធដ៏មានសក្តានុពល ដល់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃប៉ាន់ស្មាន៩ពាន់លានដុល្លារ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការយល់ព្រមរបស់ក្រសួងការបរទេសអាម៉េរិកធ្វើឡើងតាមសំណើរបស់អារ៉ាប៊ីសាអូឌីត ដើម្បីទិញមីស៊ីល PAC-3 MSE (ផេក-ស្រ៊ី អ៊ឹមអេសអ៊ី) ចំនួន៧៣០ដើម។ មន្ទីរបញ្ចកោណបានបន្ថែមថា ការលក់ដែលបានស្នើនឹងមិនផ្លាស់ប្ដូរសមតុល្យយោធានៅមជ្ឈិមបូព៌ាទេ ហើយវានឹងមិនបណ្ដាលឱ្យមានផលប៉ះពាល់អវិជ្ជមានណាមួយដល់ការត្រៀមលក្ខណៈការពាររបស់សហរដ្ឋអាម៉េរិកនោះទេ។ ក្រុមហ៊ុន Lockheed Martin Corp (ឡុកហ៊ីដ ម៉ាធីន ខប) នឹងទទួលភារជាអ្នកចែកចាយមីស៊ីល PAC-3 MSE ទៅកាន់អារ៉ាប៊ីសាអូឌីត៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


