កាន់តែដុនដាប! អង្ករថៃប្រឈមការដាំក្បាលចុះ ដល់ចំណុចទាបបំផុតក្នុងរយៈពេល៥ឆ្នាំ
N
Nary Vann
20 ម៉ោងមុន

រាជធានីបាងកក៖ សេដ្ឋកិច្ចថៃ នឹងកាន់តែធ្លាក់ដុនដាបថែមមួយកម្រិតទៀតបន្ទាប់ពីទាញទ្វាររបងព្រំដែនជាមួយកម្ពុជា បិទជាឯកតោភាគី ពេលនេះ វិស័យអង្ករនាំចេញទៅក្រៅប្រទេស ក៏កំពុងស្ថិតក្នុងសភាពគួរឱ្យព្រួយបារម្ភផងដែរ ពោលគឺសមាគមអ្នកនាំចេញអង្ករថៃព្យាករឃើញថា ការនាំចេញនៅឆ្នាំ២០២៦នេះ នឹងធ្លាក់ចុះមកនៅត្រឹម៧,០៣លានតោន ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ...។

មូលហេតុចម្បងដែលរុញច្រានឱ្យការនាំចេញធ្លាក់ចុះដល់ទៅ១១ភាគរយ ធៀបនឹងឆ្នាំមុន គឺដោយសារតែការឡើងថ្លៃនៃប្រាក់បាត ធ្វើឱ្យអង្ករថៃមានតម្លៃថ្លៃជាងគូប្រជែងសំខាន់ៗដូចជា៖ កម្ពុជា វៀតណាម ឥណ្ឌា និងប៉ាគីស្ថាន។ ជាក់ស្តែង អង្ករផ្កាម្លិះថៃបានហក់ឡើងដល់១២០០ដុល្លារក្នុងមួយតោន ខ្ពស់ជាងអង្ករផ្កាម្លិះរបស់កម្ពុជា និងវៀតណាម (ដែលមានតម្លៃត្រឹមប្រហែល៨០០ទៅ៨៣០ដុល្លារ) កើនឡើងរហូតដល់ទៅជិត៤០០ដុល្លារ ជាគម្លាតតម្លៃដ៏គ្រោះថ្នាក់បំផុតសម្រាប់ទីផ្សារអន្តរជាតិ។ ក្រៅពីបញ្ហាអត្រាប្តូរប្រាក់ វិស័យអង្ករថៃ ក៏កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក តាមរយៈការត្រៀមដំឡើងពន្ធនាំចូលបណ្ដោះអាសន្នចំនួន១៥ភាគរយ។

វិធានការនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យការនាំចេញអង្ករផ្កាម្លិះថៃទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលជាទីផ្សារលេខមួយរបស់ខ្លួន ត្រូវកាត់បន្ថយពី១៥ទៅ២០ភាគរយ។ ទន្ទឹមនោះ ការកើនឡើងនៃផលិតផលអង្ករពិភពលោកពីប្រទេសឥណ្ឌា និងការសម្រេចចិត្តផ្អាកការនាំចូលអង្ករគ្រប់ប្រភេទពីសំណាក់ប្រទេសឥណ្ឌូណេស៊ី បានបន្ថែមបន្ទុកដល់អ្នកនាំចេញអង្ករថៃផងដែរ។ ដើម្បីស្រោចស្រង់ស្ថានភាពនេះ សមាគមនាំចេញស្រូវអង្ករថៃ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថ្មី ចាត់វិធានការបន្ទាន់ក្នុងការគ្រប់គ្រងអត្រាប្តូរប្រាក់ឱ្យស្ថិតក្នុងរង្វង់៣៣ទៅ៣៤បាតក្នុងមួយដុល្លារ ព្រមទាំងជំរុញការកាត់បន្ថយថ្លៃដើមផលិតកម្ម និងអភិវឌ្ឍពូជស្រូវថ្មីៗ ដើម្បីអាចតតាំងជាមួយប្រទេសជិតខាងបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត