ថៃចាប់ដៃអាម៉េរិក កូរ៉េខាងត្បូង និងសិង្ហបុរី សម្ញែងសាច់ដុំយោធាក្បែររបងផ្ទះកម្ពុជា
ហៀប ស៊ីថេត
20 ម៉ោងមុន

រាជធានីបាងកក៖ ស្របពេលស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនជាមួយកម្ពុជាស្ថិតនៅផុយស្រួយ កងទ័ពចម្រុះជាតិសាសន៍ដែលដឹកនាំដោយអាម៉េរិក និងថៃ បានបើកប្រតិបត្តិការហ្វឹកហ្វឺនយោធាវាយលុកកម្រិតទ្រង់ទ្រាយធំ ក្នុងសមយុទ្ធខ្នាតយក្ស «ពស់វែកមាស ឬ Cobra Gold ឆ្នាំ២០២៦» កាលពីថ្ងៃទី២៦កុម្ភៈ ដែលជាប្រតិបត្តិការប្រយុទ្ធដ៏គួរឱ្យព្រឺព្រួច...។

នៅឯមូលដ្ឋានទ័ពជើងទឹកសត្តហ៊ីប(สัตหีบ) ក្នុងខេត្តជលបុរី (ชลบุรี) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដែនសមុទ្ទកម្ពុជា (បើគិតពីមូលដ្ឋានទ័ពជើងទឹកសត្តហ៊ីប មកព្រំដែនទឹកនៃខេត្តកោះកុង មានប្រហែល១៦០ទៅ១៨០គីឡូម៉ែត្រប៉ុណ្ណោះ) កងទ័ពសហរដ្ឋអាម៉េរិក ថៃ កូរ៉េខាងត្បូង និងសិង្ហបុរី បានធ្វើសមយុទ្ធចុះចត និងវាយលុក យ៉ាងសាហាវព្រឺព្រួច។ សមយុទ្ធនេះ មិនមែនគ្រាន់តែជាការហ្វឹកហ្វឺនធម្មតាឡើយ ប៉ុន្តែវាជាការបង្ហាញសមត្ថភាពវាយកម្ទេចគ្រប់ឧបសគ្គនៅលើឆ្នេរ ដើម្បីវាយប្រហារលើគូរបដិបក្ខ ឬសត្រូវ។ អាម៉េរិកបានបញ្ចេញនាវាចម្បាំងយក្ស USS Ashland រួមជាមួយឧទ្ធម្ភាគចក្រវាយប្រហារ និងអាវុធធុនធ្ងន់ទំនើបៗបំផុតក្នុងសមយុទ្ធនេះ។ រីឯថៃ បានដាក់ពង្រាយនាវាចម្បាំង HTMS Chang, Wang Nai និងThonglang អមដោយកងទ័ពជើងទឹក និងយានជំនិះវាយប្រហារគ្រប់ប្រភេទ។ ទន្ទឹមគ្នា កូរ៉េខាងត្បូង និងសិង្ហបុរី ក៏បានបញ្ជូននាវាដឹកជញ្ជូនរថក្រោះ និងយានជំនិះវាយប្រហារលើទឹកប្រភេទ KAAV ដើម្បីគាំទ្រកម្លាំងវាយលុកឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។  

ការរួមបញ្ចូលគ្នានៃអំណាចយោធារបស់ប្រទេសទាំង៤នេះ កំពុងបង្ហាញយ៉ាងច្បាស់ពីការគាំទ្រគ្នាលើកំពែងការពារជាតិដ៏រឹងមាំ ដែលអាចឆ្លើយតបនឹងការគំរាមកំហែងណាមួយក្នុងតំបន់ភ្លាមៗ។ ក្នុងបរិបទបញ្ហាព្រំដែនដ៏ផុយស្រួយជាមួយកម្ពុជា ការបង្ហាញវត្តមានកងទ័ព និងសព្វាវុធដ៏សន្ធឹកសន្ធាប់នេះ ត្រូវបានគេមើលឃើញថា ជាចុតហ្មាយប្រាប់ដល់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត ពីសក្តានុពលយោធាចោរឈ្លានពានថៃ ថាមានភាពកាចសាហាវ និងទំនើបកម្មប៉ុណ្ណា ព្រមទាំងមានសម្ព័ន្ធមិត្តជាមហាអំណាចធំបំផុត ធ្វើជាខ្នងបង្អែកផងដែរ។ សមយុទ្ធពស់វែកមាស នៅឆ្នាំនេះ បានបង្កើនទំនុកចិត្តដល់កងទ័ពភូមិន្ទថៃកាន់តែខ្លាំង ក្នុងការពង្រីកមហិច្ឆតាឈ្លានពាន និងគំរាមកំហែងទៅកាន់បណ្តាប្រទេសជាប់ភូមិផងរបងជាមួយ ពិសេសកម្ពុជាផ្ទាល់តែម្ដង ដែលកំពុងរងការឈ្លានពានពីសំណាក់យោធាថៃស្រាប់។

កាន់តែបារម្ភសម្រាប់កម្ពុជាទៀតនោះ គឺថ្មីៗនេះ អាម៉េរិបានផ្តល់រថពាសដែកប្រយុទ្ធ Stryker ចំនួន១៧គ្រឿងដល់យោធាថៃ ក្រោយសមយុទ្ធពស់វែកមាស ត្រូវបានបិទបញ្ចប់។ ស្ថានទូតអាម៉េរិកប្រចាំរាជធានីបាងកក បានបង្ហោះសារដ៏មុតស្រួចនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖«សហរដ្ឋអាម៉េរិក និងថៃ រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត នឹងពង្រឹងអន្តរប្រតិបត្តិការនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក ដោយរួមបញ្ចូលបច្ចេកវិទ្យាទំនើបៗ និងធានាថា សម្ព័ន្ធមិត្តអាម៉េរិក-ថៃ ត្រៀមខ្លួនរួចរាល់​ ដើម្បីប្រឈមមុខនឹងបញ្ហានានា[នា]ពេលអនាគត» មន្ត្រីស្ថានទូតដដែល ក៏បានគូសបញ្ជាក់បន្ថែមថា៖«សមយុទ្ធនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព និងវិបុលភាពប្រទេសក្នុងតំបន់។ សមយុទ្ធពស់វែកមាស ឆ្នាំ២០២៦ លើកទី៤៥ ផ្តោតលើការលើកកម្ពស់កម្លាំងយោធា ដែលជាសមយុទ្ធយោធារួមគ្នាធំបំផុតនៅអាស៊ីដីគោក»។  

សូមជម្រាបថា សហរដ្ឋអាម៉េរិក និងថៃ ដឹកនាំប្រទេសចំនួន៣០ផ្សេងទៀត បើកសមយុទ្ធពស់វែកមាស ដែលជាសមយុទ្ធយោធាធំបំផុត និងយូរបំផុតនៅអាស៊ីដីគោក ដែលមានបុគ្គលិកយោធាជាង៨០០០នាក់ចូលរួម។ សមយុទ្ធប្រចាំឆ្នាំនេះ កំពុងត្រូវបានធ្វើឡើងនៅក្នុងខេត្តជាច្រើននៅទូទាំងប្រទេសថៃ រហូតដល់ថ្ងៃទី៦ ខែមីនាទើបបញ្ចប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត