កម្ពុជា បន្តយកអំពើឈ្លានពានថៃព័ទ្ធដីធ្លីផ្ទះសម្បែង ទៅប្រាប់អន្តរជាតិ
L
Linda Sorn
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោក ស្រ៊ាង ចិន្តា បានប្រាប់អង្គប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ពីករណីពលរដ្ឋកម្ពុជាត្រូវបានយោធាថៃព័ទ្ធផ្ទះ និងរារាំងមិនឱ្យចូលលំនៅឋាន ទាំងដែលបទឈប់បាញ់បានចូលជាធរមានរួចទៅហើយ។

កិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ រូបភាព៖ គ.ស.ម.ក.
កិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ រូបភាព៖ គ.ស.ម.ក.

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា អង្គប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស បានប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅក្នុងកិច្ចប្រជុំនេះ មានការចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសជាសមាជិកអាស៊ាននីមួយៗ ដូចជាការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញកម្មវិធី ឬគោលនយោបាយ និងការផ្តួចផ្តើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក៏ដូចជាបញ្ហាប្រឈមនិងកង្វល់ក្នុងវិស័យសិទ្ធិមនុស្សផងដែរ។

លោក ស្រ៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ រូបភាព៖ គ.ស.ម.ក.
លោក ស្រ៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ រូបភាព៖ គ.ស.ម.ក.

ក្នុងឱកាសនោះ លោក ស្រ៊ាង ចិន្តា បានជម្រាបអង្គប្រជុំពីការវាយប្រហារជាលើកទីពីររបស់យោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងរបស់ថៃត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ លោករៀបរាប់ថា ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ត្រូវបាត់បង់ជីវិត និងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង៦,៤សែននាក់ និងបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជន​ និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ រូបភាព៖ គ.ស.ម.ក.
កិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ រូបភាព៖ គ.ស.ម.ក.

លោកគូសបញ្ជាក់ថា៖«អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបានធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាង៥ម៉ឺននាក់ទៀត ភាគច្រើន ជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ»។ លោកប្រាប់ទៅអង្គប្រជុំថា ឧបសគ្គដែលរារាំងដល់ការវិលត្រឡប់នេះ គឺបណ្ដាលមកពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។ លោកថ្លែងថា សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណា មួយអាចយកមកសំអាងបានឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់ និងអន្តរជាតិ ដែលចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ រួចចាកផុតពីការភ័យខ្លាច និងទុគ្គតភាព៕

យោធាថៃបានដាក់ទូកុងទឺន័របង្ខាំងមិនឱ្យចូល ក្នុងភូមិជោគជ័យ និងព្រៃចាន់។ រូបភាព៖ ក្រសួង​ព័ត៌មាន
យោធាថៃបានដាក់ទូកុងទឺន័របង្ខាំងមិនឱ្យចូល ក្នុងភូមិជោគជ័យ និងព្រៃចាន់។ រូបភាព៖ ក្រសួង​ព័ត៌មាន
ទូកុងតឺន័រ ចាប់ពីចំណុចភ្លុកដំរី រហូតដល់ ច្រកព្រំដែនជ័យជំនះ។ រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
ទូកុងតឺន័រ ចាប់ពីចំណុចភ្លុកដំរី រហូតដល់ ច្រកព្រំដែនជ័យជំនះ។ រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត