
រដ្ឋធានីញូវដេលី៖ អាស៊ីខាងត្បូងកំពុងជួបវិបត្តិលក្ខខណ្ឌអាកាសធាតុខ្លាំង ដោយយ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ ដោយសាររលកកម្តៅខ្លាំងនៅភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈផ្នែកខ្លះនៃប្រទេសបង់ក្លាដែស និងរដ្ឋជិតខាងទំនងជាត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូន...។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុម បានលើកឡើងថា សីតុណ្ហភាពខ្លាំងនៅទូទាំងអាស៊ីកាលពីខែមុនត្រូវបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ទំនងជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយស្នាដៃមនុស្ស។ សីតុណ្ហភាពរដូវក្ដៅរបស់ប្រទេសឥណ្ឌាជារឿយៗ ឡើងដល់កំពូលក្នុងខែឧសភា ប៉ុន្តែអ្នកវិទ្យាសាស្ត្របានព្យាករថា នឹងមានរលកកម្តៅខ្លាំងជាងធម្មតាក្នុងឆ្នាំនេះ ភាគច្រើនបណ្តាលមកពីភ្លៀងផ្គររន្ទះនៃខ្យល់មូសុងតិចពេក និងដោយសារបាតុភូតអាកាសធាតុ El Nino ស្ងួត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន៩នាក់នៅក្នុងរដ្ឋរ៉ាចាស្ថាន (Rajasthan) ភាគខាងលិចនៃប្រទេសឥណ្ឌា ដោយសារមនុស្សធ្លាក់ខ្លួនឈឺកំឡុងរលកកម្តៅក្ដៅខ្លាំង ខណៈរដ្ឋមួយនេះជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាងនាំកំណត់ត្រាដែលមានសីតុណ្ហភាព៤៨,៨អង្សាសេ ក្នុងសប្តាហ៍នេះ។ យ៉ាងណា មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបានប្រាប់រ៉យទ័រថា ពួកគេមិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយទេ ដោយសារការពិនិត្យសុខភាពមិនទាន់ពេញលេញ។

ដោយឡែក នៅឯប្រទេសជិតខាងប៉ាគីស្ថានឯណោះវិញ ក្រសួងបម្រែបម្រួលអាកាសធាតុ បានគូសបញ្ជាក់ថា ស្រុកប្រហែល២៦ កំពុងស្ថិតនៅក្រោមរលកកម្តៅដ៏ធ្ងន់ធ្ងរគិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៣ឧសភា នឹងបន្តក្ដៅបែបនេះរហូតដល់ថ្ងៃទី៣០ឧសភា។ ជាការពិត សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់៥០អង្សាសេនៅក្នុងទីក្រុងយ៉ាងតិចចំនួនពីរក្នុងខេត្តស៊ីនដ៍ (Sindh) ភាគខាងត្បូងនៅថ្ងៃសុក្រទី២៤ ខែឧសភា។ ផ្ទុយស្រឡះ បើទោះបីជាក្ដៅហួតហែងក៏ដោយ ប៉ុន្តែប្រទេសនេះ ក៏ត្រូវបានគេរំពឹងថានឹងរងការវាយប្រហារយ៉ាងសន្ធាប់ដោយ «ព្យុះស៊ីក្លូន Remal» ដែលទំនងជានឹងបោកបក់នៅថ្ងៃអាទិត្យខាងមុខនេះ។ ជាក់ស្តែង នៅរដ្ឋកឺរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ក្នុងសប្តាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់មុនរដូវមូសុងមានកម្រិតធ្ងន់ធ្ងរជាងធម្មតារហូតដល់១៨ភាគរយ បានដឹកនាំទឹកជំនន់រំខានដល់កាលហោះហើរនៅក្នុងតំបន់មួយចំនួនជាខ្លាំង៕




