UNICEF៖កុមារកន្លះពាន់លាននាក់នៅអាស៊ីខាងត្បូងប្រឈមការគំរាមកំហែងដល់ជីវិតដោយសារសីតុណ្ហភាពក្ដៅខ្លាំង
N
Nary Vann
07 សីហា 2023 11:30 AM

កុមារជិតកន្លះពាន់លាននាក់នៅអាស៊ីខាងត្បូងប្រឈមនឹងសីតុណ្ហភាពក្ដៅខ្លាំង ខណៈរលកកម្តៅដែលបង្កឡើងដោយវិបត្តិអាកាសធាតុ បន្តកើនឡើងកាន់តែខ្ពស់ នេះបើយោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ។

នៅក្នុងសេចក្តីប្រកាសរបស់អង្គការយូនីសេហ្វបានឱ្យដឹងថា ការវិភាគលើទិន្នន័យឆ្នាំ២០២០បង្ហាញថាកុមារប្រមាណ៤៦០លាននាក់នៅក្នុងប្រទេសនានា រួមទាំងអាហ្គានីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន បានប្រឈមផ្ទាល់នឹងសីតុណ្ហភាពក្ដៅខ្លាំងលើសពី ៣៥អង្សាសេ ឬខ្ពស់ជាងនេះ។ យូនីសេហ្វឱ្យដឹងទៀតថា ៧៦ភាគរយនៃកុមារនៅអាស៊ីខាងត្បូង ត្រូវបានប៉ះពាល់ដោយសារសីតុណ្ហភាពខ្ពស់ខ្លាំងបើធៀបនឹងកុមារចំនួន៣២ភាគរយនៅទូទាំងពិភពលោក។ លោក Sanjay Wijesekera នាយកប្រចាំតំបន់អាស៊ីខាងត្បូងរបស់អង្គការយូនីសេហ្វបានកត់សម្គាល់ថា៖ «បណ្តាប្រទេសនៅក្នុងតំបន់មិនមែនជាប្រទេសក្ដៅបំផុតនៅក្នុងពិភពលោកនាពេលនេះទេ ប៉ុន្តែកម្តៅនៅទីនេះនាំមកនូវហានិភ័យដល់អាយុជីវិតសម្រាប់កុមារដែលងាយរងគ្រោះរាប់លាននាក់។ យើងព្រួយបារម្ភជាពិសេសចំពោះទារក កុមារទើបចេះដើរតេះតះ កុមារខ្វះអាហារូបត្ថម្ភ និងស្ត្រីមានផ្ទៃពោះ ដោយសារពួកគេងាយរងគ្រោះបំផុតដោយសារកំណើនកម្តៅក្នុងខ្លួន និងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងទៀត»។ 

គួរជម្រាបថា សីតុណ្ហភាពនៅតំបន់ខ្លះនៃប្រទេសឥណ្ឌាបានកើនឡើងដល់៤៧អង្សាសេកាលពីខែមិថុនា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៤នាក់ និងបណ្តាលឱ្យមនុស្សរាប់រយនាក់ទៀតធ្លាក់ខ្លួនឈឺ។ ទីក្រុងមួយចំនួនក្នុងប្រទេសប៉ាគីស្ថានក៏ទទួលរងសីតុណ្ហភាពខ្ពស់ដូចគ្នាក្នុងខែដដែលនេះ ដោយបង្កើនការភ័យខ្លាចជាពិសេសសម្រាប់កម្មករដែលចំណាយពេលច្រើនម៉ោងធ្វើការនៅខាងក្រៅ និងសម្រាប់ប្រជាជនក្រីក្រ។ បន្ថែមលលើនោះ UNICEF បានលើកឡើងថា នៅតំបន់មួយចំនួននៃខេត្ត Sindh ភាគខាងត្បូងរបស់ប្រទេសឥណ្ឌាដែលមានប្រជាជនប្រហែល ១,៨លាននាក់បានប្រឈមមុខនឹងសីតុណ្ហភាព៤០អង្សាសេ ឬខ្ពស់ជាងនេះ បណ្តាលឱ្យមានហានិភ័យសុខភាពរយៈពេលខ្លី និងរយៈពេលវែង រួមទាំងការខ្វះជាតិទឹក និងការចុះខ្សោយនៃសរីរាង្គកាយ។ 

ជុំវិញបញ្ហានេះ អង្គការយូនីសេហ្វព្រមានថា ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងសម្រាប់កុមារ ដោយសារពួកគេមិនអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងការប្រែប្រួលសីតុណ្ហភាពបែបនេះ។ ហានិភ័យអាចគំរាមកំហែងដល់អាយុជីវិត រាប់ចាប់ពីការដួលសន្លប់ និងការអភិវឌ្ឍផ្លូវចិត្តមិនល្អ រហូតដល់បញ្ហាសរសៃប្រសាទ ប្រកាច់ និងជំងឺសរសៃឈាមបេះដូង ជាពិសេសស្ត្រីមានផ្ទៃពោះ ងាយនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីរលកកម្តៅ ហើយអាចជួបប្រទះការកើតមិនគ្រប់ខែ ឬកូនស្លាប់ក្នុងពោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត