
ការកើនឡើងនៃការបំពុលខ្យល់ អាចកាត់បន្ថយអាយុសង្ឃឹមរស់លើសពីប្រាំឆ្នាំក្នុងមនុស្សម្នាក់ នៅក្នុងតំបន់អាស៊ីខាងត្បូង ខណៈតំបន់មួយនេះរងការបំពុលយ៉ាងខ្លាំងបំផុតរបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយនៅថ្ងៃអង្គារទី២៩សីហានេះ បង្ហាញពីការកើនឡើងនៃបន្ទុកខ្យល់មានគ្រោះថ្នាក់លើសុខភាព...។

ប្រជាជនបង់ក្លាដែស ដែលជាប្រទេសបំពុលបរិស្ថានបំផុតលើពិភពលោក បានបាត់បង់អាយុជីវិតសង្ឃឹមរស់ជាមធ្យម ៦,៨ឆ្នាំក្នុងមនុស្សម្នាក់ បើធៀបនឹង៣,៦ខែ នៅក្នុងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការសិក្សាដែលប្រើទិន្នន័យផ្កាយរណប ដើម្បីគណនាផលប៉ះពាល់លើជីវិតសង្ឃឹមរស់ ដោយសារការកើនឡើងភាគល្អិតក្នុងខ្យល់។ របាយការណ៍បានបញ្ជាក់ថា ប្រទេសឥណ្ឌាទទួលខុសត្រូវចំពោះការកើនឡើងនៃការបំពុលប្រហែល៥៩ភាគរយ របស់ពិភពលោកចាប់តាំងពីឆ្នាំ២០១៣ ដោយសារខ្យល់អាកាសដែលមានគ្រោះថ្នាក់ គំរាមកំហែងដល់អាយុជីវិតខ្លីបន្ថែមទៀត នៅក្នុងតំបន់មួយចំនួននៃប្រទេសដែលមានការបំពុល។ នៅទីក្រុងញូវដេលី ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ដែលជាទីក្រុងយក្សរងបំពុលខ្លាំងបំផុតរបស់ពិភពលោក អាយុកាលសង្ឃឹមរស់ជាមធ្យម គឺធ្លាក់ចុះរហូតដល់ជាង ១០ឆ្នាំ។ របាយការណ៍បានបន្ថែមថា ការកាត់បន្ថយកម្រិតសកលនៃភាគល្អិតក្នុងខ្យល់ដែលបំផ្លាញសួត ដែលគេស្គាល់ថា PM 2.5 ដល់កម្រិតដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) អាចបង្កើនអាយុសង្ឃឹមរស់ជាមធ្យមត្រឹម ២,៣ឆ្នាំ ឬ ១៧,៨ពាន់លានឆ្នាំនៃជីវិតរួមគ្នា។

ប្រជាជនប៉ាគីស្ថានជាមធ្យមនឹងទទួលបាន៣,៩ឆ្នាំ ពីការបំពេញតាមគោលការណ៍ណែនាំរបស់ WHO នៃការកំណត់កំហាប់ PM 2.5 ប្រចាំឆ្នាំជាមធ្យមដល់៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប ខណៈដែលមនុស្សម្នាក់នៅក្នុងប្រទេសនេប៉ាល់នឹងរស់នៅបានយូរជាងនេះ៤,៦ឆ្នាំ ប្រសិនបើគោលការណ៍ណែនាំត្រូវបានបំពេញ។ ជាចុងក្រោយរបាយការណ៍ បានបញ្ជាក់ថា ទន្ទឹមនឹងនោះ ប្រទេសចិនបានព្យាយាមដើម្បីកាត់បន្ថយការបំពុលចំនួន៤២,៣ភាគរយ ចន្លោះឆ្នាំ២០១៣ និង២០២១ ដោយបង្ហាញពីតម្រូវការសម្រាប់រដ្ឋាភិបាល ក្នុងការបង្កើតទិន្នន័យគុណភាពខ្យល់ ដើម្បីជួយសម្រួលដល់វិសមភាពសកលក្នុងការទទួលបានឧបករណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស៕





