
អាកាសធាតុ៖ រលកកម្ដៅក្ដៅខ្លាំងកំពុងដុតកម្លោចផ្នែកខ្លះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធទី២៤ ខែមេសា ដែលជំរុញឱ្យសាលារៀននានានៅទូទាំងប្រទេសហ្វីលីពីន ផ្អាកថ្នាក់រៀន ការព្រមានអំពីកម្តៅក្នុងរាជធានីប្រទេសថៃ និងអ្នកគោរពបូជានៅប្រទេសបង់ក្លាដែស ដើម្បីបួងសួងសុំទឹកភ្លៀង...។

សីតុណ្ហភាពកើនខ្ពស់ហួសពីធម្មតានេះ កើតឡើងស្របពេលដែលអង្គការសហប្រជាជាតិបានប្រកាសថា តំបន់អាស៊ីគឺជាតំបន់ដែលទទួលរងនូវគ្រោះមហន្តរាយខ្លាំងបំផុតពីបញ្ហាអាកាសធាតុ និងគ្រោះថ្នាក់អាកាសធាតុក្នុងឆ្នាំ២០២៣ ដោយទឹកជំនន់ និងព្យុះ គឺជាមូលហេតុចម្បងនៃការបាត់បង់ជីវិត និងការបាត់បង់សេដ្ឋកិច្ច។ ការស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថា ការប្រែប្រួលអាកាសធាតុបណ្តាលឱ្យរលកកម្តៅកាន់តែមានរយៈពេលយូរ កាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ជាក់ស្តែង ខែក្ដៅបំផុត និងស្ងួតបំផុតរបស់ហ្វីលីពីន ជាធម្មតាកើតឡើងនៅខែមីនា មេសា និងឧសភា ប៉ុន្តែលក្ខខណ្ឌក្នុងឆ្នាំនេះកាន់តែអាក្រក់ទៅៗ ដោយសារបាតុភូតអាកាសធាតុ El Nino។ អ្នកព្យាករអាកាសធាតុរដ្ឋបានរាយការណ៍ថា សន្ទស្សន៍កម្តៅត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតគ្រោះថ្នាក់៤២អង្សាសេ ឬខ្ពស់ជាងនេះនៅក្នុងទីក្រុងយ៉ាងហោចណាស់៣០។

ហ្វីលីពីនបានជួបប្រទះនឹងរលកកម្តៅក្ដៅខ្លាំង ដោយបង្ខំឱ្យសាលារៀនបង្កើតថ្នាក់រៀនតាមប្រព័ន្ធអនឡាញ ដែលរំឭកឡើងវិញនូវទិដ្ឋភាពក្នុងកំលុងមានជំងឺកូវីដ-១៩ និងបង្កើនការភ័យខ្លាចថា អាកាសធាតុកាន់តែអាក្រក់នៅឆ្នាំខាងមុខ អាចធ្វើឱ្យមានវិសមភាពផ្នែកអប់រំកាន់តែខ្លាំង។ នាយកដ្ឋានអប់រំហ្វីលីពីន ដែលគ្រប់គ្រងសាលារៀនជាង ៤៧៦០០កន្លែង បានឱ្យដឹងថា សាលារៀនជិត៦៧០០កន្លែងបានផ្អាកថ្នាក់រៀនផ្ទាល់នៅថ្ងៃពុធ។ លោកស្រី អេណា សូលីស (Ana Solis) ប្រធានអ្នកជំនាញអាកាសធាតុនៃអ្នកព្យាករអាកាសធាតុរបស់រដ្ឋបានប្រាប់ AFP ថា កម្តៅនឹងកើនឡើងកាន់តែខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ លោកស្រីបានណែនាំមនុស្សឱ្យការពារខ្លួនពីកម្តៅខ្លាំង ដោយកំណត់ពេលវេលាដែលពួកគេចំណាយនៅខាងក្រៅ ពិសាទឹកច្រើន និងប្រើមួក និងឆ័ត្រពេលចេញទៅខាងក្រៅ។

នៅប្រទេសបង់ក្លាដែស មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីដាក្កា (Dhaka) ដើម្បីបួងសួងសុំទឹកភ្លៀង ខណៈដែលរលកកម្តៅក្ដៅខ្លាំងបានបង្ខំឱ្យអាជ្ញាធរបិទសាលារៀននៅជុំវិញប្រទេស។ ការិយាល័យអាកាសធាតុរបស់ប្រទេសបង់ក្លាដែសបានបង្ហាញថា សីតុណ្ហភាពអតិបរិមានៃជាមធ្យមនៅក្នុងរដ្ឋធានីក្នុងសប្តាហ៍កន្លងមកគឺ ៤ ទៅ ៥ អង្សាសេខ្ពស់ជាងមធ្យមភាគ ៣០ ឆ្នាំសម្រាប់រយៈពេលដូចគ្នានេះ។ លោក មូហាំម៉ាត់ អាប៊ូ យូស៊ូហ្វ ដែលជាបព្វជិតសាសនាឥស្លាមដែលបានដឹកនាំការអធិស្ឋានពេលព្រឹកសម្រាប់មនុស្ស១ពាន់នាក់នៅកណ្តាលរដ្ឋធានីដាក្កា បាននិយាយថា៖«ការអធិស្ឋានសម្រាប់ភ្លៀងគឺជាប្រពៃណីរបស់ហោរារបស់យើង»។ ទន្ទឹមគ្នានោះ នាយកដ្ឋានឧតុនិយមឥណ្ឌា បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ស្ថានភាពរលកកម្តៅក្ដៅខ្លាំងទំនងជានៅក្នុងរដ្ឋភាគខាងកើត និងភាគខាងត្បូងនៃរដ្ឋ Odisha, West Bengal, Sikkim និង Karnataka ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់។

អាជ្ញាធរថៃក្នុងរាជធានីបាងកក បានចេញការព្រមានអំពីកម្ដៅក្ដៅខ្លាំង និងបានជំរុញឱ្យប្រជាជននៅក្នុងផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ សីតុណ្ហភាពត្រូវបានគេព្យាករថានឹងឡើងដល់៣៩អង្សាសេនៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ ខណៈដែលសន្ទស្សន៍កម្តៅបានកើនឡើងលើសពី៥២អង្សាសេ។ គួរជម្រាបជូនថា របាយការណ៍ស្ថានភាពអាកាសធាតុនៅអាស៊ីឆ្នាំ២០២៣ របស់អង្គការឧតុនិយមពិភពលោក (WMO) បានរកឃើញថា អាស៊ីកំពុងឡើងកម្តៅលឿនជាងមធ្យមភាគពិភពលោក ដោយសីតុណ្ហភាពកាលពីឆ្នាំមុនជិត២អង្សាសេ លើសពីមធ្យមភាគឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៩០។ ប្រធាន WMO លោកស្រី សេឡេស្តេ សូឡូ (Celeste Saulo) បានពិពណ៌នារបាយការណ៍នេះថា៖«ប្រទេសជាច្រើននៅក្នុងតំបន់បានជួបប្រទះឆ្នាំក្ដៅបំផុតរបស់ពួកគេ ក្នុងកំណត់ត្រាក្នុងឆ្នាំ២០២៣ រួមជាមួយនឹងឧបសគ្គនៃលក្ខខណ្ឌធ្ងន់ធ្ងរ ពីគ្រោះរាំងស្ងួត និងរលកកម្តៅរហូតដល់ទឹកជំនន់ និងព្យុះ»៕





