ក្រសួងជំនាញចុះពិនិត្យមើលរោងចក្រ CAMBO UNISOLL ក្រោយកម្មការិនី១១នាក់សន្លប់ ហើយមានម្នាក់ស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
អុន សម្ផស្ស
19 ម៉ោងមុន

ខេត្តកណ្តាល៖ មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យគុណភាពបរិស្ថានរោងចក្រកាត់ដេរសម្លៀកបំពាក់ CAMBO UNISOLL LTD. (ខេមបូ យូនីសូល) ក្រោយហេតុការណ៍កម្មការិនី១១នាក់ដួលសន្លប់ក្នុងកំលុងពេលធ្វើការ ហើយក្នុងចំណោមនោះ មានម្នាក់បានបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ 

បន្ទាប់ពីមានសេចក្តីរាយការណ៍របស់អាជ្ញាធរតំបន់ពីករណីនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានចាត់ឱ្យក្រុមការងារអធិការកិច្ច ចុះទៅត្រួតពិនិត្យនៅតំបន់រោងចក្រ CAMBO UNISOLL LTD. ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់នៅក្នុងទីតាំងរោងចក្រផ្ទាល់។ យ៉ាងណា ក្រសួងមិនទាន់អាចបញ្ជាក់ពីមូលហេតុនច្បាស់នៅឡើយទេ ខណៈក្រុមការងារជំនាញកំពុងប្រមូលព័ត៌មានពាក់ព័ន្ធ នៅក្នុងទីតាំងរោងចក្រ ដើម្បីវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ។

ក្រសួងបរិស្ថាន បានត្រឹមបញ្ជាក់ថា នឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតនៅពេលមានការវាយតម្លៃ ឬការរកឃើញករណីបំពុលបរិស្ថានណាមួយកើតឡើងនៅក្នុងរោងចក្រ និងវិធានការច្បាប់ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ចំណែកមន្រ្តីក្រសួងការងារ ក៏បានចុះទៅត្រួតពិនិត្យមើលដែរ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ អះអាងក្នុងកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃ២៨កុម្ភៈនេះ។ ដូចក្រសួងបរិស្ថាន អ្នកនាំពាក្យក្រសួងការងារ មិនទាន់អាចបញ្ជាក់ពីលទ្ធផលនៃការត្រួតពិនិត្យរោងចក្រនេះនៅឡើយទេ៕ 


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត