
ក្រុងស្ទឹងសែន៖ ស្ត្រីមេម៉ាយទុរគតម្នាក់រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានជីវភាពក្រីក្រតោកយ៉ាកលំបាកជាពន់ពេក ដេកក្នុងខ្ទមប្រក់មេឃយ៉ាងកម្សត់ជាមួយកូននិងចៅតូចៗ ខណៈកូនស្រីយកមកផ្ញើឱ្យមើលថែ ដើម្បីនាងមានឱកាសដើររកស៊ីចំណាកស្រុក។ មិនត្រឹមជួបការលំបាករត់រកកន្លែងជ្រក ពេលមានភ្លៀងធ្លាក់ប៉ុណ្ណោះទេ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ស្ត្រីទុរគតរូបនេះ ក៏ជួបនឹងបញ្ហាអត្តខាត់ជាខ្លាំងផងដែរ...។

លោកវរសេនីយ៍ត្រី ហង់ ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ បានថ្លែងប្រាប់ SBM News នៅល្ងាចថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៦នេះថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ លោកបានចុះទៅពិនិត្យមើលផ្ទាល់ ឃើញថា អ្នកស្រី ឈាង នឿន ដែលមានវ័យ៤៨ឆ្នាំ រស់នៅមូលដ្ឋានភូមិឃុំខាងលើ ពិតជាក្រខ្សត់ទុរគតគួរឱ្យអាសូរជាពន់ពេក ដោយជីវភាពគ្រួសារគាត់ខ្វះខាតខ្លាំង និងថែមទាំងមានបន្ទុកចិញ្ចឹមចៅតូចៗពីរនាក់ និងកូនប្រុសម្នាក់ ដែលមិនអាចធ្វើកិច្ចការងាររកស៊ីអ្វីបាន។ អ្នកស្រី ឈាង នឿន ក៏ជួបគ្រោះអភ័ព្វដោយត្រូវស្វាមីរត់ចោលពីរលើកមកហើយ ទើបគាត់រស់នៅកម្សត់ជាមួយកូនៗ និងចៅៗបែបនេះ។

លោកនាយប៉ុស្តិ៍បន្តថា ដោយសារសុខភាពគាត់ទ្រុឌទ្រោមខ្លាំង ព្រោះកង្វះជីវជាតិដែលមកពីរកព្រឹកខ្វះល្ងាច រកបានល្ងាចខ្វះព្រឹក ខណៈកូន និងចៅនៅតូចៗ មិនអាចជួយអ្វី ឯអ្នកស្រីក៏មិនអាចចេញទៅធ្វើការងារស៊ីឈ្នួលជួលព័ទ្ធគេបាន ធ្វើឱ្យជីវភាពប្រចាំថ្ងៃកាន់តែជួបការលំបាកទ្វេដង។ សព្វថ្ងៃបានអ្នករស់នៅក្បែរខាង ជួយឧបត្ថម្ភបាយម្ហូបតាមលទ្ធភាពជាក់ស្តែង ឯរូបលោក ដោយមើលឃើញការលំបាកទាំងនេះ ក៏បានស្នើសុំសប្បុរសជន ថ្នាក់ដឹកនាំក្នុងអង្គភាពស្រុក និងរៃអង្គាសមន្ត្រីនគរបាលប៉ុស្តិ៍តាមសទ្ធាទាន បានជាថវិកាទិញឈើធ្វើផ្ទះថ្មីជូនគាត់ស្នាក់នៅឱ្យបានសមរម្យ មិនពិបាករកកន្លែងជ្រកភ្លៀងដូចពេលមុនឡើយ។ លោកបន្តថា បច្ចុប្បន្ន ផ្ទះថ្មីជិតរួចរាល់ហើយ នៅសល់តែស័ង្កសីយកមកប្រក់ដំបូលប៉ុណ្ណោះ ចំណែកថវិកាទិញស័ង្កសីក៏មានសប្បុរសជនជួយឧបត្ថម្ភគ្រប់គ្រាន់ហើយដែរ។

គួរបញ្ជាក់ផងដែរថា បើតាមប្រជាពលរដ្ឋរស់នៅក្បែរខាងស្ត្រីមេម៉ាយទុរគតខាងលើ បានអំពាវនាវបន្ថែមតាមរយៈ SBM News និងសប្បុរសជននានា ដែលមានក្តីសណ្តោសប្រោសប្រណីដល់អ្នកស្រី ឈាង នឿន សូមជួយទំនុកបម្រុងលើបញ្ហាជីវភាពគាត់ផង ព្រោះបើតាមការពិនិត្យជាក់ស្តែង ស្ត្រីវ័យកណ្តាលរូបនេះ មានជំងឺប្រចាំកាយ ចិញ្ចឹមចៅតូចៗ ហើយគ្មានមុខរបរអ្វីជាទីពឹងឡើយ ឯកូនៗដែលមានគ្រួសារ ក៏មានជីវភាពក្រីក្រដែរ ពោលគឺបានត្រឹមតែយកកូនមកឱ្យគាត់មើលថែជំនួស ដើម្បីពួកគេបានដើររកស៊ីនៅស្រុកឆ្ងាយ ផ្ញើលុយមកឱ្យម្តាយចិញ្ចឹមចៅទាំងត្រដាបត្រដួសបំផុត៕



