ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី រកឃើញបំណែកហើយ ប៉ុន្តែមិនទាន់ដឹងជោគវាសនាមនុស្ស
N
Nary Vann
18 មករា 2026 10:00 AM

រដ្ឋធានីហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃទី១៨ ខែមករានេះ បានប្រកាសថា ពួកគេបានរកឃើញកម្ទេចកម្ទីយន្តហោះល្បាតជលផលមួយគ្រឿង ដែលបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្បែរភ្នំដែលគ្របដណ្ដប់ដោយអ័ព្ទក្រាស់ក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង (South Sulawesi) ប៉ុន្តែមិនទាន់ដឹងពីជោគវាសនារបសអ្នកដំណើរនោះទេ។

បច្ចុប្បន្ន កងកម្លាំងសង្គ្រោះកំពុងដុតដៃដុតជើងស្វែងរកមនុស្ស១១នាក់ដែលនៅលើនោះ។​ យន្តហោះប្រភេទ ATR 42-500 ដែលជួលដោយក្រសួងកិច្ចការសមុទ្ទ និងជលផលឥណ្ឌូណេស៊ី បានដាច់ការទាក់ទងជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស កាលពីវេលាម៉ោង១:៣០នាទីរសៀលថ្ងៃសៅរ៍ (ម៉ោងនៅឥណ្ឌូណេស៊ី) នៅក្បែរតំបន់ Maros។ នៅលើនោះមានសមាជិកនាវិក៨នាក់ និងមន្ត្រីក្រសួងជលផល៣នាក់ ដែលកំពុងបំពេញបេសកកម្មល្បាតដែននេសាទតាមអាកាស។

កាលពីព្រឹកថ្ងៃអាទិត្យនេះ ក្រុមឧទ្ធម្ភាគចក្រសង្គ្រោះបានប្រទះឃើញបំណែកបង្អួចយន្តហោះនៅវេលាម៉ោង៧:៤៦ព្រឹក ហើយប៉ុន្មាននាទីក្រោយមក ក៏បានរកឃើញបំណែកតួយន្តហោះ និងផ្នែកកន្ទុយនៅតាមជម្រាលភ្នំ Bulusaraung។ លោក Muhammad Arif Anwar ប្រធានទីភ្នាក់ងារសង្គ្រោះខេត្តស៊ូឡាវេស៊ីខាងត្បូង បានបញ្ជាក់ថា នឹងដាក់ពង្រាយកម្លាំងរហូតដល់១២០០នាក់ ដើម្បីចុះទៅកាន់ទីតាំងដែលបានរកឃើញបំណែកយន្តហោះនោះ។ យ៉ាងណាមិញ ប្រតិបត្តិការសង្គ្រោះកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពភូមិសាស្ត្រជាតំបន់ភ្នំខ្ពស់ អមដោយអ័ព្ទក្រាស់ខ្លាំង និងខ្យល់បោកបក់ខ្លាំង។

យោងតាមគេហទំព័រ Flightradar24 យន្តហោះនេះបានហោះហើរក្នុងកម្ពស់ទាបពីលើសមុទ្ទ មុនពេលបាត់សញ្ញាចុងក្រោយនៅចម្ងាយប្រហែល២០គីឡូម៉ែត្រ ភាគឦសាននៃព្រលានយន្តហោះ Makassar។ បច្ចុប្បន្ន គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី កំពុងដឹកនាំការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ខណៈដែលអាទិភាពខ្ពស់បំផុតនៅពេលនេះ គឺការស្វែងរក និងជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត