ការនាំចេញស្ករស និងអង្ករថៃកាន់តែយ៉ាប់យឺន ក្រោយឥណ្ឌូណេស៊ីដាក់ចេញបម្រាមនាំចូលជាថ្មី
N
Nary Vann
01 កុម្ភៈ 2026 11:00 AM

រដ្ឋធានីហ្សាការតា៖ វិស័យនាំចេញកសិផលរបស់ប្រទេសថៃ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានប្រកាសអនុវត្តបទបញ្ជាថ្មី ហាមឃាត់ការនាំចូលផលិតផលចំនួន១២ប្រភេទ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ។ វិធានការនេះ ត្រូវបានដាក់ចេញក្នុងគោលបំណងការពារស្ថិរភាពកសិករ និងឧស្សាហកម្មក្នុងស្រុករបស់ឥណ្ឌូណេស៊ី ប៉ុន្តែវាបានក្លាយជាឧបសគ្គថ្មីសម្រាប់ទំនិញយុទ្ធសាស្ត្ររបស់ថៃ ជាពិសេស គឺ ស្ករស និងអង្ករ

ពាក់ព័ន្ធនឹងបញ្ហាស្ករសថៃ គឺជាដៃគូនាំចេញដ៏ធំដែលមានតម្លៃរហូតដល់៧២៥លានដុល្លារក្នុងឆ្នាំ២០២៥ ប៉ុន្តែបច្ចុប្បន្នមុខទំនិញនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីហាមឃាត់។ ទោះបីជាការនាំចូលសម្រាប់វិស័យកែច្នៃនៅតែអាចបន្តទៅបានក្រោមលក្ខខណ្ឌពិសេស ប៉ុន្តែភាពស្មុគស្មាញនៃនីតិវិធីសុំច្បាប់អនុញ្ញាត (Import Approval) អាចនឹងធ្វើឱ្យរំហូរនាំចេញមានភាពយឺតយ៉ាវជាងមុន។ ដោយឡែក ចំពោះមុខទំនិញអង្ករវិញ ស្ថានភាពកាន់តែមានភាពតឹងរ៉ឹង ដោយសារឥណ្ឌូណេស៊ីមានអង្ករក្នុងស្តុកយ៉ាងច្រើនដល់ទៅ៣,៥លានតោន ធ្វើឱ្យរដ្ឋាភិបាលទំនងជានឹងបន្តបិទច្រកនាំចូលសម្រាប់លក់ផ្ទាល់លើទីផ្សារ ហើយអនុញ្ញាតឱ្យនាំចូលតែក្នុងករណីចាំបាច់បំផុត តាមរយៈសហគ្រាសរដ្ឋប៉ុណ្ណោះ។

ក្រៅពីកសិផល បទបញ្ជានេះ ក៏បានប៉ះពាល់ដល់ផលិតផលឧស្សាហកម្មដូចជា ម៉ាស៊ីនត្រជាក់ និងទូរទឹកកក ដែលប្រើប្រាស់សារធាតុបង្កកប៉ះពាល់បរិស្ថាន រួមទាំងទំនិញបន្ទាប់បន្សំផ្សេងៗទៀតដូចជា សម្លៀកបំពាក់ជជុះ និងឧបករណ៍កសិកម្មបុរាណជាដើម។ ទោះបីជា ការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងហ្សាការតា វាយតម្លៃថា ផលប៉ះពាល់ជារួម អាចមានកម្រិតទាបសម្រាប់វិស័យផ្សេងៗ ប៉ុន្តែសម្រាប់អ្នកនាំចេញស្ករស និងអង្ករថៃ ពួកគេកំពុងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈទប់ទល់នឹងការផ្លាស់ប្ដូរ ដែលមិនអាចប៉ាន់ស្មានបាន ក្នុងទីផ្សារឥណ្ឌូណេស៊ីនាឆ្នាំថ្មីនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត