
រដ្ឋធានីហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ី បានអះអាងកាលពីថ្ងៃអាទិត្យទី១៨មករា ថា ពួកគេបានរកឃើញបំណែកយន្តហោះស៊ើបការណ៍សមុទ្ទ (ល្បាតមើលការនេសាទ) ដែលបានបាត់ខ្លួននៅក្នុងខេត្តស៊ូឡាវេស៊ី ភាគខាងត្បូង (South Sulawesi) នៅលើជម្រាលភ្នំដែលគ្របដណ្ដប់ដោយផ្សែងអ័ព្ទក្រាស់ និងបានរកឃើញសពមនុស្សម្នាក់ ក្នុងចំណោមមនុស្ស១០នាក់នៅលើយន្តហោះ ដែលកំពុងបាត់ខ្លួន...។

យន្តហោះ ATR 42-500 turboprop គ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍ Indonesia Air Transport (IAT) បានបាត់បង់ការទាក់ទងកាលពីថ្ងៃសៅរ៍ទី១៧ ខែមករា នៅវេលាម៉ោងប្រហែល១ៈ៣០នាទីរសៀល នៅជុំវិញតំបន់ម៉ារ៉ូស (Maros) ក្នុងស៊ូឡាវេស៊ីភាគខាងត្បូង។ គួរជម្រាបថា មានសមាជិកអាកាសយានិកចំនួន១០នាក់នៅលើយន្តហោះនោះ ដែលត្រូវបានជួលដោយក្រសួងកិច្ចការសមុទ្ទ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការឃ្លាំមើលដែនអាកាសលើវិស័យជលផល។ មុនពេលបាត់បង់ការទាក់ទង យន្តហោះនេះ កំពុងហោះហើរពីទីក្រុងយ៉ូហ្គីយ៉ាការតា (Yogyakarta) ទៅកាន់ទីក្រុងម៉ាកាសារ (Makassar) នៃខេត្តស៊ូឡាវេស៊ីភាគខាងត្បូង។ អាជ្ញាធរបានរកឃើញកបំណែកយន្តហោះនៅលើភ្នំប៊ូលូសារុង ( Bulusaraung) ខណៈភ្នំនេះមានចម្ងាយប្រហែល១៥០០គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានីហ្សាការតា។

ក្រុមអ្នកជួយសង្គ្រោះ ក៏បានកំណត់ទីតាំងបំណែកផ្សេងទៀត ដូចជាម៉ាស៊ីនយន្តហោះ និងកៅអីអ្នកដំណើរ។ បុគ្គលិកត្រូវបានគេដាក់ពង្រាយទៅកាន់ទីតាំង ដែលបំណែកយន្តហោះត្រូវបានរកឃើញ ប៉ុន្តែប្រតិបត្តិការស្វែងរកត្រូវបានរារាំងដោយអ័ព្ទក្រាស់ និងតំបន់ជួរភ្នំ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពមួយធ្លាក់ចូលទៅក្នុងជ្រោះចម្ងាយប្រហែល២០០ម៉ែត្រ ពីកំពូលភ្នំប៊ូលូសារុង ខណៈស្ថានភាពមនុស្ស៩នាក់ផ្សេងទៀតនៅលើយន្តហោះ មិនទាន់ដឹងនៅឡើយទេ។ ជាចុងក្រោយ អាជ្ញាធរបានសង្កត់ធ្ងន់ថា បន្ទាប់ពីរកឃើញបំណែកយន្តហោះ អាទិភាពចម្បង គឺស្វែងរកជនរងគ្រោះ ហើយបុគ្គលិក១២០០នាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកអ្នកបាត់ខ្លួន៕





