
បទបរិយាយ៖ ពិភពលោកសព្វថ្ងៃ លែងមានសណ្តាប់ធ្នាប់ ពោរពេញដោយភាពស្មុគស្មាញ ប្រែប្រួលលឿន ប្រជែងគ្នា សក់អ្នកណាក្បាលអ្នកនោះ ជម្លោះប្រដាប់អាវុធពីប្រទេសមួយទៅប្រទេសមួយមិនចេះដាច់។ ជាការកត់សម្គាល់ នៅពេលជម្លោះរវាងប្រទេសនិងប្រទេស ឬជម្លោះទឹកដី បើផ្ទុះឡើយហើយ គឺពិបាកនឹងដោះស្រាយ និងបញ្ឈប់វិញណាស់។

រុស្ស៊ី ជាមហាអំណាចសព្វាវុធមិនចាញ់អាម៉េរិក-ចិន ហើយក៏ជាប្រទេសធំជាងគេបំផុតលើពិភពលោក បានបង្កសង្គ្រាមលើអ៊ុយក្រែនជាកូនប្រទេសនៅជាប់របងជាមួយគ្នាអស់៤ឆ្នាំហើយ។ កុំថានរណាទៅហាមឃាត់ សូម្បីអឺរ៉ុប អាម៉េរិក ក៏រុស្ស៊ី មិនខ្ចីស្ដាប់ដែរ យ៉ាងច្រើនគ្រាន់តែងក់ក្បាល ញញឹមដាក់ប៉ុណ្ណោះ ទុកជាការគួរសមតាមបែបការទូត។ រុស្ស៊ីចង់ឱ្យអ៊ុយក្រែន កាត់ដី ឬតំបន់ណាមួយប្រគល់ទៅរុស្ស៊ី ជាថ្នូរនឹងការបញ្ឈប់សង្គ្រាម ប៉ុន្តែអ៊ុយក្រែនដែលទ្រោមខ្លួនទៅហើយនោះ នៅតែត្រាំត្រែងននៀលតស៊ូប្រយុទ្ធ មិនអាចអារសាច់ជូនខ្លាបានឡើយ។

ចំណែកអ៊ីស្រាអែលដែលសម្បូរសព្វាវុធទំនើបៗ និងជាពូជសាសន៍ថ្នឹកនឹងសឹកសង្គ្រាម បានវាយប្រហារតំបន់ហ្កាហ្សារបស់រដ្ឋប៉ាឡេស្ទីនអស់ជាង២ឆ្នាំហើយ ធ្វើឱ្យសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវខ្ទេចខ្ទីហ្មត់ខៃ សាកសពក្មេងចាស់ប្រុសស្រីរាយប៉ាយស្ទើរគ្រប់កន្លែង ប្រជាជនក្លាយជាជនទុរ្ភិក្ស ខ្វះទឹកដាច់ស្បៀង ថ្នាំសង្កូវក៏មិនគ្រប់ ជម្រកស្នាក់នៅក៏មិនសមរម្យ។ ថ្វីបើមានបទឈប់បាញ់ជាមួយគ្នាក្ដី តែវាគ្រាន់តែជាក្រដាសប៉ុណ្ណោះ មិនអាចយកទៅញ៉ុកចូលរន្ធកាណុងកាំភ្លើងអ៊ីស្រាល ដើម្បីបិទខ្ទប់មិនឱ្យបាញ់គ្រាប់ចេញឡើយ។
មកដល់ពេលនេះ ស្នូរទម្លាក់គ្រាប់លើតំបន់ហ្កាហ្សា នៅតែឮដដែល។ អ៊ីស្រាអែល ប្រើហេតុផលការពារខ្លួនថា ការវាយប្រហារលើតំបន់ហ្កាហ្សាឥតដាច់នេះ គឺដើម្បីកម្ចាត់ក្រុមហាម៉ាស ដែលអ៊ីស្រាអែលតែងស្រែកប្រាប់ពិភពលោកថា ជាក្រុមភេរវករ។ ទោះយ៉ាងណា គេមើលមិនឃើញថា ជាហេតុផលឡើយ តែជាលេសរបស់អ៊ីស្រាអែល ដើម្បីវាយប្រហារលើហ្កាហ្សាទៅវិញទេ។

អាហ្គានីស្ថាន និងប៉ាគីស្ថាន ឯណោះវិញ ស្ងប់ស្ងាត់ជាមួយគ្នាមួយរយៈធំទៅហើយ ក៏ស្រាប់តែផ្ទុះគ្រាប់ដាក់គ្នាសាជាថ្មី បង្កើតជាភ្នក់ភ្លើងសង្គ្រាមមួយបន្ថែមទៀតដល់ពិភពលោក ខណៈភ្នក់ភ្លើងសង្គ្រាមរវាងប្រទេសនិងប្រទេសមួយចំនួន កំពុងឆាបឆេះមិនទាន់អាចពន្លត់បាន។ ប្រទេសជាប់ដែនសីមាទាំងពីរនេះ ឈានដល់ការធ្វើសង្គ្រាមជាមួយគ្នាដោយបើកចំហ និងខ្លាំងក្លា ដោយដើមចមដំបូង ចេញមកពីការផ្ទុះគ្រាប់បែកអត្តឃាតតាមព្រំដែន។ ក្រុមតាលីបង់របស់អាហ្វាហ្កានីស្ថាន បានបើកការវាយប្រហារមុនទាំងយប់អធ្រាត្រ ទុកជាការសងសឹកទៅលើទីតាំងយោធាប៉ាគីស្ថាន ហើយយោធាប៉ាគីស្ថាន ក៏បាញ់ត្រឡប់ទៅវិញយ៉ាងសន្ធាប់។

ងាកទៅមើលអាម៉េរិកវិញម្ដង! ជាមហាអំណាចលេខមួយ ដែលចូលចិត្តបង្ហាញឱ្យគេឃើញថា ស្រឡាញ់សន្តិភាព គោរពសិទ្ធិមនុស្ស ដើរតាមគន្លងប្រជាធិបតេយ្យ អាម៉េរិក តែងចេញមុខជួយអន្តរាគមន៍ពន្លត់ភ្លើងសង្គ្រាមនៃប្រទេសដទៃ (ជោគជ័យខ្លះ បរាជ័យខ្លះ)។ សង្គ្រាមថៃឈ្លានពានកម្ពុជា ក៏មានមុខអាម៉េរិកចូលអន្តរាគមន៍ដែរ។ ទន្ទឹមនឹងការខ្នះខ្នែងជួយទប់ស្កាត់ និងពន្លត់សង្គ្រាម អាម៉េរិកខ្លួនឯង ក៏កំពុងត្រៀមធ្វើសង្គ្រាមដែរ។ ដៃគូអាម៉េរិកនាពេលនេះ គឺអ៊ីរ៉ង់។ មិនចង់ឱ្យគេវ៉ៃគ្នា តែពេលខ្លះ ខ្លួនឯងក៏អាចវ៉ៃគ្នាដែរ។

អ៊ីរ៉ង់ដឹកនាំប្រទេសតាមបែបផ្តាច់ការ ហើយរឹងរូសនៅតែអភិវឌ្ឍអាវុធនុយក្លេអ៊ែ..ដោយសំអាងលើហេតុផលចម្បងទាំងពីរនេះហើយ ទើបអាម៉េរិកបញ្ជូនសព្វាវុធមានទាំងនាវាចម្បាំង និងយន្តហោះចម្បាំង ទៅព័ទ្ធអ៊ីរ៉ង់ឱ្យហើយ បើស្ថានការណ៍មកដល់ សព្វាវុធទាំងនោះ នឹងចេញប្រតិបត្តិការភ្លាម។ អ៊ីរ៉ង់សម្លាប់បាតុកររាប់ពាន់នាក់នាពេលថ្មីៗនេះ ក៏ជាហេតុផលចម្បងមួយបន្ថែមទៀត ធ្វើឱ្យអាម៉េរិកចង់លេងអ៊ីរ៉ង់មួយក្ឌាំងដែរ។

មិនឱ្យអាម៉េរិកជាភ្ញៀវមានអាវុធពេញខ្លួន មើលស្រាលឡើយ! អ៊ីរ៉ង់ជាម្ចាស់ផ្ទះ ប្រកាសថា ត្រៀមម្រាមដៃចុចកៃកាំភ្លើងរួចហើយ។ ក្តាប់ដៃ-គ្រឺតធ្មេញដាក់គ្នា តែភាគីទាំងពីរ ក៏ចង់សម្រុះសម្រួលជាមួយគ្នាវិញដែរ ម្ល៉ោះហើយ ទើបបានជាមានកិច្ចចរចាដល់ទៅបីលើក។ ប៉ុន្តែកិច្ចចរចាទាំងនេះ មិនបានផលអ្វីនោះទេ ដោយហេតុថា អាម៉េរិកទាមទារឱ្យអ៊ីរ៉ង់លះបង់តម្លៃធំធេងពេក គឺទាមទារឱ្យបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែ ហើយរដ្ឋអ៊ិស្លាមនិយមមួយនេះ មិនអាចធ្វើតាមបាន។

មិនទាន់អស់ទេ! អាម៉េរិក ចិន ជប៉ុន តៃវ៉ាន់ បូកបញ្ចូលគ្នា ក៏កំពុងក្លាយជាដុំភ្លើងមួយដែរ។ គេដឹងហើយថា មហាយក្សចិន តែងសូធ្យជាប់មាត់ថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដូច្នេះ តៃវ៉ាន់មិនអាចប្រកាសឯករាជ្យបានឡើយ ហើយក៏មិនអាចមានប្រទេសណាលូកដៃចូលក្នុងជម្លោះចិន-តៃវ៉ាន់នេះឡើយ។ កន្លងមក គេឮតែអាម៉េរិកប៉ុណ្ណោះ ដែលតែងប្រកាសចេញមុនជួយតៃវ៉ាន់ ក្នុងករណីចិនប្រើកម្លាំងលើតៃវ៉ាន់ ខណៈជប៉ុនបានត្រឹមដើរតួជាមនុស្សស្លូតបូត មិនសូវចេះចង់ដឹងរឿងជម្លោះអ្នកដទៃឡើយ តែថ្មីៗនេះ បែរជានាយករដ្ឋមន្ត្រីស្រីដំបូងគេ បោះសម្តីចង់ជួយតៃវ៉ាន់ ធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក។

ជប៉ុន ក្រោមការដឹកនាំរបស់ស្ត្រីកណ្តាប់ដៃដែក លោកស្រីនាយករដ្ឋមន្រ្តី សាណាអេ តាកៃឈី (Sanae Takaichi) ស្រាប់តែហ៊ានធានាជាមួយតៃវ៉ាន់ថា ជួយអន្តរាគមន៍ផ្នែកយោធា បើចិនបើកប្រតិបត្តិការយោធាទៅលើកោះប្រជាធិបតេយ្យមួយនេះ។ ស្ថិតក្នុងសម័យកាលរបស់លោកស្រី ជប៉ុនលែងគិតត្រឹមតែសេដ្ឋកិច្ច និងបច្ចេកវិទ្យាទៀតហើយ តែក៏ចង់ពង្រឹងវិស័យោយធាឱ្យដល់កម្រិតកំពូលផងដែរ។ ចិនធ្លាប់តែក្ដៅចិត្តដោយសារអាម៉េរិកពាំងតៃវ៉ាន់ ឥឡូវ ត្រូវមកខូចអារម្មណ៍ជាមួយជប៉ុនមួយបន្ថែមទៀត។

សេចក្ដីអធិប្បាយខាងលើ គ្រាន់តែបង្ហាញឈ្មោះប្រទេស ឬតួអង្គជម្លោះដែលលេចធ្លោមួយចំនួនប៉ុណ្ណោះ ដោយនៅមានប្រទេស ដែនដី ឬតួអង្គជម្លោះផ្សេងច្រើនទៀត កំពុងកើតមានលើពិភពលោកបច្ចុប្បន្ននេះ។ ជម្លោះដែលពេលខ្លះគ្មានប្រទេសណា ឬអង្គការអន្តរជាតិណាដឹងឮ ឬបើទោះជាជួយធ្វើអន្តរាគមន៍ ក៏មិនអាចដោះស្រាយបាន ទើបធ្វើឱ្យប្រជាជាតិនីមួយៗ រឹតតែប្រកាន់ភ្ជាប់គំនិតថា «ទល់តែខ្លួនឯងខ្លាំង ទើបអាចជួយ និងការពារខ្លួនឯងបាន» ហើយផ្នត់គំនិតដែលធ្លាប់រំពឹងលើអង្គការអន្តរជាតិជួយ កាន់តែរលុបទៅៗ៕



