ទីបំផុត កូរ៉េខាងត្បូងយល់ព្រមចែករំលែកទិន្នន័យជាមួយ Google Maps
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីអ៊ូល៖ កម្មវិធី Google Maps អាចនឹងចាប់ផ្តើមដំណើរការបានត្រឹមត្រូវក្នុងពេលឆាប់ៗនេះ នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរដ្ឋធានីសេអ៊ូលយល់ព្រមនៅថ្ងៃសុក្រទី២៧កុម្ភៈនេះ ក្នុងការចែករំលែកទិន្នន័យក្នុងកម្មវិធី។ យ៉ាងណា ការរឹតបន្តឹងមួយចំនួននឹងត្រូវធ្វើឡើង ដើម្បីទប់ស្កាត់កុំឱ្យបង្ហាញទីតាំងយោធា ដែលងាយរងគ្រោះ...។

កូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងពិភពលោកដូចជា៖ ចិន និងរុស្ស៊ី ដែលកម្មវិធី Google Maps មិនអាចដំណើរការបានពេញលេញ។ កន្លងមក រដ្ឋធានីសេអ៊ូល បានបដិសេធម្ដងហើយម្ដងទៀត ចំពោះសំណើសុំចែករំលែកទិន្នន័យផែនទីជាមួយ Google Maps ដោយអះអាងថា វានឹងអាចលាតត្រដាងទីតាំងយោធាដែលងាយរងគ្រោះ និងធ្វើឱ្យខ្សោយដល់ប្រព័ន្ធការពារជាតិ។

យ៉ាងណា ក្រសួងដែនដីរបស់កូរ៉េខាងត្បូង បានផ្លាស់ប្ដូរគោលជំហររបស់ខ្លួន បន្ទាប់ពីជាប់គាំងជិត២០ឆ្នាំ ដោយផ្តល់ការអនុញ្ញាតឱ្យចែករំលែកទិន្នន័យផែនទី ក្រោមលក្ខខណ្ឌសន្តិសុខដ៏តឹងរឹង។ ក្រសួងបានបញ្ជាក់ថា មុខងារ Street View និងរូបភាពផ្កាយរណបនៅលើ Google Earth ត្រូវតែបិទបាំងនូវទីតាំងយោធា និងទីតាំងសន្តិសុខរបស់កូរ៉េខាងត្បូង។

លើសពីនេះ រដ្ឋធានីសេអ៊ូលក៏តម្រូវឱ្យ Google Maps លុបចោលនូវការបង្ហាញកូអរដោនេ និងដាក់ការរឹតបន្តឹងលើការបង្ហាញនូវដែនដីកូរ៉េខាងត្បូង នៅលើសេវាកម្មសកលរបស់ Google Maps និង Google Earth ផងដែរ។ កន្លងមក Google Maps បានតវ៉ាថា ការជំទាស់របស់របស់រដ្ឋធានីសេអ៊ូល បានរឹតត្បិតក្រុមហ៊ុនដោយអយុត្តិធម៌ ក្នុងការផ្ដល់សេវាកម្មផែនទីពេញលេញ ដូចជាព័ត៌មានដឹកជញ្ជូនសាធារណៈ ផែនទីផ្កាយរណប និងការណែនាំផ្លូវបើកបរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត