
រដ្ឋធានីសេអ៊ូល៖ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការនៅថ្ងៃទី២៥កុម្ភៈនេះថា ពួកគេនឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា ខ្នាតធំប្រចាំឆ្នាំ ក្រោមឈ្មោះថា «Freedom Shield» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែមីនាខាងមុខ។ ទោះបីជាសមយុទ្ធនេះ ត្រូវបានបញ្ជាក់ថា មានលក្ខណៈការពារខ្លួនក៏ដោយ ប៉ុន្តែវាតែងបំផ្ទុះកំហឹងកូរ៉េខាងជើង ដែលតែងតែថ្កោលទោស ថាជាការហាត់សមដើម្បីឈ្លានពានរដ្ឋធានីព្យុងយ៉ាង។

ចំណុចសំខាន់នៃសមយុទ្ធឆ្នាំនេះ គឺការបញ្ចូលនូវសេណារីយ៉ូទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការត្រៀមលក្ខណៈផ្ទេរសិទ្ធិបញ្ជាការដ្ឋានយោធាក្នុងគ្រាមានសង្គ្រាម (Wartime Operational Control) ពីអាម៉េរិកមកឱ្យកូរ៉េខាងត្បូងវិញ។ រដ្ឋបាលរបស់លោកប្រធានាធិបតី លី ជេម្យ៉ុង បានកំណត់គោលដៅយ៉ាងច្បាស់ថា នឹងសម្រេចការផ្ទេរសិទ្ធិបញ្ជាទ័ពនេះ ឱ្យបានមុនពេលអាណត្តិរបស់លោកបញ្ចប់នៅឆ្នាំ២០៣០។ បើទោះបីជាលោកប្រធានាធិបតី លី ព្យាយាមសម្របសម្រួលបន្ធូរបន្ថយសមយុទ្ធខ្លះៗ ដើម្បីស្ដារទំនាក់ទំនងជាមួយកូរ៉េខាងជើងក៏ដោយ ប៉ុន្តែភាគីអាម៉េរិកហាក់នៅតែរក្សាជំហររឹងមាំក្នុងការបន្តការហ្វឹកហ្វឺនឱ្យបានពេញលេញ។

ស្របពេលជាមួយគ្នានេះ ពិភពលោកកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ចំពោះមហាសន្និបាតបក្សពលករកូរ៉េខាងជើង លើកទី៩ ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីព្យុងយ៉ាង។ អ្នកវិភាគជឿជាក់ថា កូរ៉េខាងជើង អាចនឹងបញ្ចប់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយការបង្ហាញក្បួនព្យុហយាត្រាយោធាដ៏អស្ចារ្យ ដើម្បីបង្ហាញពីសមត្ថភាពអាវុធទំនើបៗចុងក្រោយរបស់ខ្លួន ជាការឆ្លើយតបទៅនឹងសមយុទ្ធរបស់រដ្ឋធានីសេអ៊ូល និងវ៉ាស៊ីនតោន៕




