
រដ្ឋធានីសេអ៊ូល៖ អត្រាកំណើតនៅក្នុងប្រទេសកូរ៉ខាងត្បូង បានបន្តកើនឡើងរយៈពេល ២ឆ្នាំជាប់ៗគ្នា ដែលនេះជាសញ្ញាបង្ហាញថា វិបត្តិប្រជាសាស្ត្រកំពុងចាប់ផ្តើមធូរស្រាលមកវិញ ស្របពេលប្រទេសនេះមានអត្រាកំណើតទាបបំផុតក្នុងលោក។ នេះបើយោងតាមទិន្នន័យថ្មីពីក្រសួងទិន្នន័យ និងស្ថិតិរបស់កូរ៉េខាងត្បូង នៅថ្ងៃទី២៥កុម្ភៈនេះ...។

អត្រាបង្កកំណើតរបស់កូរ៉េខាងត្បូង បានកើនឡើងដល់០,៨០ ក្នុងឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២៤ មានត្រឹមតែ០,៧៥ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០២៥ ចំនួនទារកកើតថ្មីបានកើនឡើង៦,៨ភាគរយ សរុបប្រមាណជាង២៥ម៉ឺននាក់ ជាការកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០០៧។ លើសពីនេះ ចំណងរៀបអាពាហ៍ពិពាហ៍បានកើនឡើង៨,១ភាគរយ ក្នុងឆ្នាំ២០២៥ ដែលជាកត្តាជំរុញដ៏សំខាន់ នាំឱ្យមានទារកកើតថ្មីកាន់តែច្រើន។

កត្តានាំឱ្យមានការកើនឡើងនៃអត្រាកំណើតនៅកូរ៉េខាងត្បូង គឺដោយសារតែរដ្ឋាភិបាលនៃប្រទេសនេះ បានបញ្ចេញគោលនយោបាយ ដែលផ្តោតលើការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកមានកូន និងការជួយដល់យុវជនដែលមានប្រាក់ចំណូលទាប។ ទន្ទឹមគ្នា ប្រជាជនមានអាយុលើស៣០ឆ្នាំ ចាប់ផ្តើមមានទស្សនវិជ្ជមាន ចំពោះការរៀបការកាន់តែច្រើន ហើយប្រជាជនក៏ចាប់ផ្តើមយកកូន។ ទោះបីជាអត្រាកំណើតកើនឡើងក៏ដោយ ប៉ុន្តែកូរ៉េខាងត្បូងនៅតែប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រ ដោយសារអត្រាមនុស្សស្លាប់នៅតែខ្ពស់ជាងអត្រាមនុស្សកើត។ ការព្យាករបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងអាចនឹងថយចុះចំនួនប្រជាជនពី៥១លាន៨សែននាក់ មកនៅត្រឹម៣៦លាន២សែននាក់នៅឆ្នាំ២០៧២៕




