
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៦នេះ បានស្នើឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលការដាក់ពិន័យ ចំពោះការផ្អាកនៃការប្រកួតលើកីឡាករប្រដាល់គុនខ្មែរ២រូប ដែលជាកូនប្រុសរបស់អតីតអធិរាជកែងឆេះជង្គង់ទិព្វ អេ ភូថង…។

សម្ដេចតេជោយល់ថា បញ្ហានេះវាទាក់ទងដល់កិត្តិយសជាតិ។ តាមរយៈបណ្ដាញសង្គមផ្លូវការ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំសូមសំណូមពរដ៏ទទូច ឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។ ការដោះស្រាយផ្សេងទៀត រង់ចាំឱ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិលចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា»។

សូមជម្រាបថា សំណើ ក៏ដូចជាសំណូមពររបស់សម្ដេចតេជោ ហ៊ុន សែន កើតឡើងក្រោយផ្ទុះការវែកញែក ជុំវិញរឿងរ៉ាវសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហាមឃាត់កីឡាករ២រូប ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់លោក អេ ភូថង រួមមាន៖ ទី១.លោកអនុសេនីយ៍ត្រី អេ វីរខាំឈិតភូថង និងទី២.លោកនាយឯក អេ អាំម៉ារីនភូថង ដែលជាកីឡាករគុនខ្មែរ មិនឱ្យចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៥កុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ លិខិតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះថ្ងៃទី២៥កុម្ភៈ បានអះអាងថា ការដាក់ពិន័យនេះ ដោយសារតែកីឡាករទាំងពីរ មិនគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។

យ៉ាងណាក៏ដោយ ក្រោយមានការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ភ្លាមៗនៅថ្ងៃដដែលនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបចោលការដាក់ពិន័យលើកីឡាករទាំងពីរខាងលើ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសប្រាប់ដល់បណ្ដាម្ចាស់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ និងក្លឹបកីឡាប្រដាល់គុនខ្មែរទាំងអស់ ជ្រាបជាព័ត៌មាន និងសហការអនុវត្តតាមការគួរ៕





