
រាជធានីភ្នំពេញ៖ ទោះបីជាពេលនេះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ បានថយកម្ដៅ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានសាជាថ្មី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅតែផ្ញើសារទៅកាន់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីស្នេហាជាតិ រួបរួមគ្នាជាធ្លុងមួយ ដើម្បីកម្ពុជាអាចការពារអធិបតេយ្យជាតិ និងសន្តិភាពឱ្យគង់វង្សយូរអង្វែង...។

តាមរយៈសារលិខិតក្នុងឱកាសចូលឆ្នាំថ្មី (ឆ្នាំ២០២៦) សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាជនទូទាំងប្រទេសដែលមានស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នាពេលកន្លងមក។ ជាពិសេស ក្នុងពេលដែលប្រទេសកម្ពុជាទទួលរងនូវការឈ្លានពានដោយយោធាថៃ សម្តេចមើលឃើញថា ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានពីសំណាក់ប្រជាជាតិកម្ពុជាទាំងមូល ដល់វីរកងទ័ពជួរមុខ ជនរងគ្រោះ និងជនភៀសសឹកកម្ពុជា គឺជាមោទនភាពជាតិខ្មែរ និងគុណធម៌ដ៏ប្រសើរ។ សម្ដេចលើកឡើងថា ស្មារតីនេះ បានបង្ហាញឱ្យពិភពលោកទាំងមូលឃើញថា ទោះបីជាកំពុងស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏ជនរួមជាតិកម្ពុជាទាំងអស់នៅតែរួមសុខទុក្ខជាមួយគ្នា ក្នុងនាមជាប្រជាជាតិតែមួយ។

«យ៉ាងណាក៏ដោយ ខ្ញុំសូមលើកទឹកចិត្តប្រជាជាតិកម្ពុជាទាំងមូល សូមបន្តស្មារតីស្នេហាជាតិ ឯកភាពជាតិ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តការជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពយើង ដែលបានខិតខំប្រឹងប្រែងលះបង់ជាទីបំផុត ក្នុងការដឹកនាំ និងការពារជាតិមាតុភូមិដែលជាមរតកដូនតាខ្មែរ ព្រមទាំងប្រជាពលរដ្ឋឱ្យបន្តរស់នៅប្រកបដោយសុខសុវត្ថិភាព» នេះជាសារបស់សម្ដេចតេជោ។ សម្តេច បន្ថែមទៀតថា ការបន្តស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយពីសំណាក់ប្រជាជាតិទាំងមូល ជាកម្លាំងដ៏សំខាន់ដើម្បីព្រះរាជាណាចក្រកម្ពុជា អាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមទាំងស្តារនិងថែរក្សាការពារសន្តិភាពជាមួយប្រទេសថៃ និងសន្តិភាពផ្ទៃក្នុងប្រទេសឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងជំរុញការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕





