
រាជធានីបាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ឈិនៈវ័ត អាចនឹងទទួលបានសេរីភាពឡើងវិញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ក្រោយជាប់ឃុំឃាំងអស់រយៈពេលជាង៥ខែ។ សំណួរពីមហាជនជាច្រើនចោទសួរថា តើមហាសេដ្ឋីដ៏មានឥទ្ធិពលក្នុងប្រទេសថៃរូបនេះ អាចនឹងបោះជំហានចូលប្រឡូកក្នុងឆាកនយោបាយវិញ ឬយ៉ាងណា..?

នៅថ្ងៃទី២៦កុម្ភៈនេះ លោកស្រី ផែថងថាន ឈិនៈវ័ត អតីតនាយករដ្ឋមន្ត្រីថៃ និងជាកូនស្រីពៅសំណព្វចិត្តលោក ថាក់ស៊ីន រួមជាមួយស្វាមី និងមេធាវីផ្ទាល់ខ្លួន បានទៅសួរសុខទុក្ខឪពុក នៅឯពន្ធនាគារកណ្តាលក្លងព្រែម (คลองเปรม) ក្នុងរាជធានីបាងកក។ នេះជាការសួរសុខទុក្ខលើកទី៤៣ហើយ ចាប់តាំងពីលោក ថាក់ស៊ីន ត្រូវបានគេឃុំខ្លួនអស់រយៈពេលជាង៥ខែមកនោះ។

លោកស្រី ផែថងថាន បញ្ជាក់ថា តាមនីតិវិធីច្បាប់ លោក ថាក់ស៊ីន នឹងគ្រប់លក្ខខណ្ឌក្នុងការស្នើសុំឱ្យនៅក្រៅឃុំ នៅថ្ងៃទី១០ ខែឧសភា ហើយអាចដើរចេញពីពន្ធនាគារនៅថ្ងៃទី១១ឧសភា ព្រោះថា បទប្បញ្ញត្តិតម្រូវឱ្យអ្នកទោសត្រូវទទួលទោស២ភាគ៣នៃការកាត់ទោសសរុប និងអនុញ្ញាតឱ្យព្យួរទោសមិនលើសពី១ភាគ៣ នៃចំនួនទោសសរុបរយៈពេលមួយឆ្នាំ ដោយមានការយល់ព្រមពីអនុគណៈកម្មការ។ ពេលសួរថា តើលោក ថាក់ស៊ីន នឹងធ្វើអ្វីបន្ត ក្រោយមានសេរីភាព..? លោកស្រី ផែថងថាន បានបង្ហើបយ៉ាងខ្លីថា៖«បន្ទាប់ពីឆ្លងកាត់ការជាប់ឃុំឃាំងអស់រយៈពេល៦ខែមកនេះ ឪពុក[របស់លោកស្រី] នឹងដកខ្លួនចេញពីឆាកនយោបាយហើយ»៕



