
ទីក្រុងការ៉ាជី៖ ភាពតក់ស្លុតបានគ្របដណ្ដប់លើទីក្រុងការ៉ាជី (Karachi) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ បានធ្វើឱ្យអគារស្នាក់នៅកម្ពស់៣ជាន់បាក់រលំខ្ទេចដល់ដី កាលពីអំឡុង៤ភ្លឺទៀបភ្លឺថ្ងៃទី១៩ខែកុម្ភៈ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងក្នុងសង្កាត់ សូឌិយឺ បាហ្សា (Soldier Bazaar) ចំពេលដែលគ្រួសារមូស្លីមជាច្រើនកំពុងមមាញឹកក្នុងការរៀបចំអាហារ Sehri (ជាអាហារមុនថ្ងៃរះ) សម្រាប់ពិធីបុណ្យរ៉ាម៉ាដាន និងប្រជាជនផ្សេងទៀត នៅលង់លក់ក្នុងតំណេកនៅឡើយ។ អ្នកនាំពាក្យទីភ្នាក់ងារសង្គ្រោះ លោក ហាសាន ខាន់ (Hassan Khan) បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១៦នាក់ ក៏មានស្ត្រី និងកុមារផងដែរ ខណៈមនុស្ស១៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល។

អាជ្ញាធរក្រុងបានសន្និដ្ឋានជាបឋមថា វាអាចបណ្ដាលមកពីការផ្ទុះហ្គាស ប៉ុន្តែការស៊ើបអង្កេតស៊ីជម្រៅកំពុងបន្តធ្វើ ដើម្បីរកមូលហេតុពិតប្រាកដ។ ការបាក់រលំអគារនៅប៉ាគីស្ថាន ជាពិសេសនៅក្នុងទីក្រុងការ៉ាជី ដែលមានមនុស្សរស់នៅជាង២០លាននាក់ បានក្លាយបញ្ហាមួយ ដោយសារតែស្ដង់ដារសុវត្ថិភាពទាប ការប្រើប្រាស់សម្ភារសំណង់គ្មានគុណភាព និងការសាងសង់ខុសច្បាប់ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ។

គួររំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០២៥ ហេតុការណ៍បាក់រលំអគារ៥ជាន់នៅតំបន់លីអារី (Lyari) ក៏បានសម្លាប់មនុស្ស២៧នាក់ផងដែរ។ បច្ចុប្បន្ន មានអគារប្រមាណជាង៦០០ នៅក្នុងទីក្រុងការ៉ាជី ត្រូវបានរដ្ឋាភិបាលប្រកាសថា ជាសំណង់គ្រោះថ្នាក់ ប៉ុន្តែមនុស្សរាប់ពាន់គ្រួសារនៅតែបន្តរស់នៅដោយបង្ខំចិត្ត ព្រោះគ្មានជម្រើសផ្សេង៕



