
រដ្ឋធានីវ៉ាស៊ីនតោន៖ អតីតមន្ត្រីជាន់ខ្ពស់ និងជាអ្នកបើកយន្តហោះចម្បាំងដ៏ឆ្នើមរបស់សហរដ្ឋអាម៉េរិកម្នាក់ ត្រូវបានចាប់ខ្លួនពីបទផ្ដល់ការបណ្ដុះបណ្ដាលផ្នែកយោធាដោយខុសច្បាប់ ដល់កងទ័ពប្រជាជនចិន ជាសកម្មភាពមួយ ដែលត្រូវបានចោទប្រកាន់ថា ជាទង្វើ«ក្បត់ជាតិ»...។

ក្រសួងយុត្តិធម៌អាម៉េរិកបានឱ្យដឹងថា អតីតមន្ត្រីកងទ័ពអាកាស លោក ជើរ៉ាល់ដ៍ ប្រោន (Gerald Brown) ឬហៅក្រៅថា «រ៉ាន់ណឺ» ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធទី២៥ ខែកុមុ្ភៈ (ម៉ោងនៅអាម៉េរិក) ក្នុងរដ្ឋឥណ្ឌាយ៉ាណា (Indiana) ក្រោមការចោទប្រកាន់ពីបទសមគំនិតផ្តល់សេវាកម្មការពារជាតិ ដល់អ្នកបើកយន្តហោះចម្បាំងចិន។ មានវ័យ៦៥ឆ្នាំ លោក ប្រោន គឺជាអតីតគ្រូបង្វឹកយន្តហោះចម្បាំង F-35 Lightning II មានបទពិសោធរាប់សិបឆ្នាំក្នុងជួរកងទ័ពអាកាសអាម៉េរិក ប៉ុន្តែពេលនេះ លោកត្រូវបានចោទប្រកាន់ថា បានក្បត់ជាតិ ដោយសារតែបង្វឹកអ្នកបើកយន្តហោះចិន។

លោក រ៉ូម៉ែន រ៉ូហ្សាហ្វស្គី (Roman Rozhavsky) ជំនួយការនាយកផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់នៃ FBI បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖«រដ្ឋាភិបាលចិននៅតែបន្តទាញយកចំណេះដឹងពីសមាជិកយោធាអាម៉េរិក ទាំងអ្នកកំពុងបម្រើការ និងអតីតយោធា ដើម្បីធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន។ ការចាប់ខ្លួននេះ គឺជាការព្រមានមួយ»។ ចំណែករដ្ឋអាជ្ញាអាម៉េរិក លោកស្រី ជៀនីន ហ្វឺរីស ភីរ៉ូ (Jeanine Ferris Pirro) បានលើកឡើងថា៖«លោក ប្រោន និងបុគ្គលយោធាណាដែលរួមគំនិតប្រឆាំងនឹងប្រទេសជាតិ នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ»។

យោងតាមក្រសួងយុត្តិធម៌ លោក ប្រោន បានបម្រើការក្នុងទ័ពអាកាសអាម៉េរិកអស់រយៈពេល២៤ឆ្នាំ ដោយធ្លាប់ដឹកនាំបេសកកម្មប្រយុទ្ធ និងទទួលបន្ទុកបញ្ជាការលើអង្គភាពរស៊ើបអង្កេត រួមទាំងអង្គភាពពាក់ព័ន្ធនឹងប្រព័ន្ធចែកចាយអាវុធនុយក្លេអ៊ែរផងដែរ។ បន្ទាប់ពីចាកចេញពីជួរយោធាអាម៉េរិក ក្នុងឆ្នាំ១៩៩៦ លោក ប្រោន បានធ្វើការជាអ្នកបើកយន្តហោះដឹកទំនិញពាណិជ្ជកម្ម។ ក្រោយមក លោកត្រូវបានគេចោទប្រកាន់ថា បានធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០២៣ ដើម្បីចាប់ផ្តើមការងារបណ្ដុះបណ្ដាលអ្នកបើកយន្តហោះចិន ហើយស្នាក់នៅប្រទេសចិន រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ ទើបត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ៕



