
រាជធានីបាងកក៖ ស្របពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភាពផុយស្រួយ មហាអំណាចអាម៉េរិក បានចេញមុខមកធ្វើខ្នងបង្អែកយ៉ាងរឹងមាំឱ្យភាគីចោរឈ្លានពានមួយនេះ។ ការបើកសមយុទ្ធយោធាខ្នាតយក្ស «ពស់វែកមាស ឬ Cobra Gold ឆ្នាំ២០២៦» និងការផ្ដល់រថក្រោះពាសដែក Stryker ១៧គ្រឿងទៅឱ្យកងទ័ពភូមិន្ទថៃ ពេលនេះ រដ្ឋធានីវ៉ាស៊ីនតោនប្រកាសថា៖«សម្ព័ន្ធភាពយោធាអាម៉េរិក-ថៃ ត្រៀមខ្លួនជាស្រេច សម្រាប់ការប្រឈមបញ្ហានានារួមគ្នា[នា]ពេលអនាគត»។ សកម្មភាពនេះ បង្កឱ្យមានការងឿងឆ្ងល់ជាខ្លាំង តើអាម៉េរិកពិតជាថែរក្សាសន្តិភាពក្នុងតំបន់ ឬគ្រាន់តែចង់ចិញ្ចឹមយោធាថៃឱ្យរីកធំធាត់ ដើម្បីកាងអំណាចខ្លួននៅអាស៊ីអាគ្នេយ៍...?

ជាក់ស្តែង ស្ថានទូតអាម៉េរិកប្រចាំរាជធានីបាងកក បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖«សហរដ្ឋអាម៉េរិក និងថៃ រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត នឹងពង្រឹងអន្តរប្រតិបត្តិការនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក ដោយរួមបញ្ចូលបច្ចេកវិទ្យាទំនើបៗ និងធានាថា សម្ព័ន្ធមិត្តអាម៉េរិក-ថៃ ត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមមុខនឹងបញ្ហានានា[នា]ពេលអនាគត»។ ស្ថានទូតគូសបញ្ជាក់បន្ថែមថា៖«សមយុទ្ធនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព និងវិបុលភាពផងដែរ។ សមយុទ្ធពស់វែកមាស ឆ្នាំ២០២៦ លើកទី៤៥ ផ្តោតលើការលើកកម្ពស់សន្តិភាព តាមរយៈកម្លាំងយោធា ដែលជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតនៅអាស៊ីដីគោក»។

យ៉ាងណា គេសង្កេតឃើញមានចំណុចសំខាន់បី ដែលស្ថានទូតអាម៉េរិកប្រចាំនៅប្រទេសថៃ បានសង្កត់ធ្ងន់ គឺ៖«ទី១.ធានាលើសម្ព័ន្ធមិត្តអាម៉េរិក-ថៃ ត្រៀមខ្លួនប្រឈមមុខនឹងបញ្ហានានា[នា]ពេលខាងមុខ, ទី២.រួមបញ្ចូលបច្ចេកវិទ្យាទំនើប និងការអនុវត្ត[ជាក់ស្តែង], និងទី៣.ពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព និងវិបុលភាព»។ ជុំវិញការលើកឡើងរបស់ស្ថានទូត និងស្របពេលមានសមយុទ្ធយោធាខ្នាតយក្សនៅលើទឹកដីថៃនេះ អ្នកវិភាគនយោបាយមួយចំនួនយល់ឃើញថា រដ្ឋធានីវ៉ាស៊ីនតោន ហាក់ដូចជាកំពុងផ្ដល់អាវុធ និងបច្ចេកវិទ្យាទំនើបៗឱ្យទៅប្រទេសថៃ ដើម្បីបើកការឈ្លានពានលើប្រទេសជិតខាង ជាក់ស្តែង កម្ពុជាជាឧទាហរណ៍ស្រាប់។ ដូច្នេះ ការគាំទ្ររបស់សហរដ្ឋអាម៉េរិកលើការពង្រឹងសមត្ថភាពយោធាថៃបន្ថែមនេះ គឺមិនខុសអ្វីពីការផ្ដល់ដាវអាជ្ញាសឹកឱ្យថៃ ដើរគំរាមកំហែងឈ្លានពានអធិបតេយ្យប្រទេសជិតខាង ដែលមានកម្លាំងយោធាខ្សោយជាងខ្លួននោះឡើយ។

សូមជម្រាបថា ការនាំយកបច្ចេកវិទ្យាយោធាចុងក្រោយបង្អស់របស់សហរដ្ឋអាម៉េរិក មកដាក់ក្នុងទឹកដីថៃ ក្រោមលេស «ដើម្បីប្រឈមមុខនឹងបញ្ហារួមគ្នា នាពេលអនាគត» គឺជាការបញ្ជាក់យ៉ាងច្បាស់នៃមហិច្ឆតាពង្រឹងអំណាចយោធាដល់សម្ព័ន្ធមិត្ត ដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់ ដែលជាចុតហ្មាយបង្ហាញពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់យ៉ាងពិតប្រាកដ។ ការចេញសេចក្ដីប្រកាសរបស់ស្ថានទូតអាម៉េរិកប្រចាំរាជធានីបាងកក នៅពេលនេះ ជាការឆ្កឹះដំបៅក្នុងទ្រូងមេដឹកនាំកម្ពុជា ដែលព្យាយាមស្វែងរកសន្តិភាពជូនប្រជាជន និងសុខដុមនីយកម្មក្នុងតំបន់ ទោះបីយោធាថៃកំពុងឈ្លានពានទឹកដីកម្ពុជាទាំងកម្រោល និងខុសច្បាប់អន្តរជាតិយ៉ាងណាក្ដី។ តែទោះជាយ៉ាងណាក៏ដោយ ភាពអត់ធ្មត់របស់មេដឹកនាំកម្ពុជា ក៏មានកម្រិតដែរ បើថៃនៅតែបន្តរំលោភបំពានឥតស្រាកស្រាន្ដ នោះប្រាកដណាស់ថា ការតស៊ូដើម្បីសេរីភាព ច្បាស់ជាកើតមានជាថ្មី បើដំណោះស្រាយការទូតដើរដល់មាត់ជ្រោះមរណៈ៕






