
សុខភាព៖ ទទួលទានទឹកពេលព្រឹកល្អចំពោះរាងកាយ តែបើបន្ថែមក្រូចឆ្មារនោះនឹងក្លាយជាទឹកក្រូចឆ្មារ ហើយបើពិសានៅពេលព្រឹកជួយដល់រាងកាយឱ្យទទួលបានប្រយោជន៍ល្អ៦យ៉ាង។ ចំពោះអត្ថប្រយោជន៍ទាំងនេះ SBM News នឹងលើកយកមកជម្រាបជូនលោកអ្នកនាងបានជ្រាប..។

១.បំពេញជាតិទឹក៖ នៅពេលរាងកាយមានជាតិទឹកគ្រប់គ្រាន់ គឺមិនស្តុកទុកកោសិកាខ្លាញ់ ព្រមទាំងមិនធ្វើឱ្យមានអារម្មណ៍ឃ្លាន។ ដូច្នេះ ការរក្សាជាតិទឹកក្នុងរាងកាយ គឺសំខាន់ដល់សុខភាពណាស់។ ២.សុខភាពស្បែក៖ ក្រូចឆ្មារ មានវីតាមីន C វីតាមីននេះ ជាជំនួយដល់ការផលិតខូឡាជែន បង្ការស្នាមជ្រួញ និងការពារស្បែក ពីការខូចខាតដោយសារពួករ៉ាឌីកាល់សេរី។ ចំណែកទឹក អាចជួយផ្តល់សំណើមដល់ស្បែក ព្រោះនៅពេលស្បែកស្ងួតងាយនឹងមានស្នាមជ្រួញ។ ៣.បង្ការក្រួសក្នុងតម្រងនោម៖ អាស៊ីដស៊ីទ្រីក (citric acid) ក្នុងក្រូចឆ្មារអាចជួយបង្ការក្រួសក្នុងតម្រងនោម។ សារធាតុស៊ីដ្រាត របស់អាស៊ីដនេះ ជួយបញ្ចុះជាតិអាស៊ីដក្នុងទឹកនោម និងអាចបំបែកក្រួសតូចៗ។ ការពិសាទឹកក្រូចឆ្មារ មិនត្រឹមតែផ្តល់សារធាតុស៊ីដ្រាតទេ ក៏បានផ្តល់នូវជាតិទឹកដែលរាងកាយត្រូវការ ក្នុងការបង្ការ និងបញ្ចេញក្រួសទាំងនោះ។

៤.ដាស់ស្មារតី និងបង្កើនថាមពល៖ ប៉ូតាស្យូម ក្នុងក្រូចឆ្មារជួយដល់មុខងារខួរក្បាល ជួយបង្កើនស្មារតី និងសរសៃប្រសាទឱ្យប្រសើរឡើង។ យោងតាមទស្សនាវដ្ដីសុខភាព អ្នកវិទ្យាសាស្ត្របានរកឃើញថា ការហិតក្លិនក្រូចឆ្មារ ក៏ជួយរាងកាយបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ និងបន្ថយកម្រិតស្ត្រេស។ ៥.ជួយដល់ការរំលាយអាហារ៖ ការទទួលទានទឹកក្រូចឆ្មារពេលព្រឹក ជួយបង្ការការទល់លាមក។ ការទទួលទានទឹកក្រូចឆ្មារលាយទឹកក្ដៅឧណ្ហៗនៅពេលភ្ញាក់ពីគេង អាចជួយឱ្យប្រព័ន្ធរំលាយអាហារដើរបានល្អ។ មួយវិញទៀត ជួយរាងកាយស្រូបយកសារធាតុចិញ្ចឹម និងសម្រកទម្ងន់។ ៦.សម្បូរវីតាមីន C៖ ក្រូចឆ្មារ សម្បូរដោយវីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិកា ពីការខូចខាតបង្កដោយពួករ៉ាឌីកាល់សេរី។

លើសពីនេះ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ចុះសម្ពាធឈាម។ សូមជម្រាបថា ដើម្បីបានទឹកក្រូចឆ្មារ គឺត្រូវច្របាច់ក្រូចឆ្មារកន្លះផ្លែទៅក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ ក្រោយទទួលទានទឹកក្រូចឆ្មារ កុំទាន់បរិភោគអាហារចាំបានប្រហែល៣០នាទី ចាំពិសាអាហារតាមក្រោយ ដើម្បីអាចទទួលបានអត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



