
សុខភាព៖ មនុស្សស្រីនៅពេលចូលដល់អាយុ៣០ឆ្នាំឡើង នឹងមានស្បែកជ្រីវជ្រួញ និងស្បែកមានសភាពស្ងួត។ យ៉ាងណាមិនថ្វីទេ បើចង់ឱ្យស្បែកនៅតែក្មេងម៉ដ្ឋ គួរតែសាកល្បងវីធីទាំង៧ ដែលមានរៀបរាប់ដូចខាងក្រោម…។

១.សម្រាន្តឱ្យបានគ្រប់គ្រាន់៖ ស្រីៗគួរទទួលទានដំណេកឱ្យបាន៨ម៉ោង ដើម្បីជួយឱ្យស្បែកមានសុខភាពល្អ ប្រឆាំងនឹងស្នាមជ្រីវជ្រួញ ព្រោះនៅពេលគេង ស្បែកនឹងធ្វើការជួសជុលដោយខ្លួនឯង និងបង្កើតកោសិកាថ្មី។ ២.ទទួលទានទឹកគ្រប់គ្រាន់៖ ដើម្បីរក្សាជាតិទឹកនៅក្នុងស្បែក ពិសាទឹកឱ្យបានច្រើនដោយបន្ថែមចំណិតក្រូចឆ្មារ ឬត្រសក់។ ៣.របបអាហារ៖ របបអាហារសុខភាព ក៏ជារឿងសំខាន់ដែរ ដើម្បីជួយឱ្យស្បែកមើលទៅភ្លឺថ្លា ចេញពីខាងក្នុង។ ក្នុងនោះ គួរបរិភោគបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ តែជៀសវាងអាហារកែច្នៃ និងភេសជ្ជៈ ដែលមានជាតិស្ករ ជាហេតុនាំឱ្យកើតមុន និងមានស្នាមជ្រីវជ្រួញ។

៤.ប្រើផលិតផលប្រឆាំងភាពចាស់៖ នៅពេលដែលស្ត្រីចូលដល់វ័យ៣០ឆ្នាំ ត្រូវថែទាំស្បែកប្រឆាំងនឹងភាពចាស់ ដោយប្រើហ្វូមលាងមុខគ្មានជាតិកាត់ ក្រែមផ្តល់សំណើម ក្រែមលាបភ្នែក ក៏ដូចជាសេរ៉ូមប្រឆាំងនឹងភាពចាស់ ឬក្រែមលាបពេលយប់។ ៥.ការពារស្បែកពីកម្តៅថ្ងៃ៖ កម្តៅថ្ងៃ គឺជាកត្តាចម្បងមួយដែលធ្វើឱ្យស្បែកចាស់ជាងវ័យ ត្រូវការពារស្បែកពីកម្តៅថ្ងៃ ដោយប្រើក្រែមការពារកម្តៅថ្ងៃ មាន SPF៣០ ឬខ្ពស់ជាងនេះ មិនថាមេឃក្ដៅ ឬស្រទុំនោះទេ។ លើសពីនេះ ពាក់វ៉ែនតាការពារកម្តៅថ្ងៃផង ព្រោះជាអ្វីដែលសម្រាប់ការពារស្បែក ភ្នែក ដែលមិនអាចខ្វះបាន។

៦.ហាត់ប្រាណឱ្យបានទៀងទាត់៖ ដើម្បីស្បែកនៅហាប់ណែន និងមានរាងស្អាត ចាំបាច់ត្រូវធ្វើលំហាត់ប្រាណឱ្យទៀងទាត់ ព្រោះលំហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពស្បែកប៉ុណ្ណោះទេ តែក៏រួមចំណែកជួយដល់សុខភាពទាំងមូលដូចគ្នាដែរ។ ៧.ហាមជក់បារី និងទទួលទានគ្រឿងស្រវឹង៖ ការជក់បារី និងពិសាគ្រឿងស្រវឹង អាចបណ្ដាលឱ្យមានស្នាមជ្រីវជ្រួញ និងហានិភ័យនៃការកើតជំងឺមហារីកស្បែក បើផ្តាច់មិនបាន អាចទទួលទានតិចតួចទើបមិនសូវប៉ះពាល់៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



