
សុខភាព៖ ដេកហៀរទឹកមាត់ អាចនឹងកើតយូរៗម្ដង នៅពេលទឹកមាត់មានបរិមាណច្រើន តែយ៉ាងណា បើកើតឡើងញឹកញាប់ហើយច្រើន អាចជាសញ្ញានៃជំងឺប្រព័ន្ធសរសៃប្រសាទ ឬជំងឺដាច់សរសៃឈាមខួរក្បាល និងបណ្ដាលមកពីការស្ទះសំបោរ...។

ដើម្បីកុំឱ្យមានបញ្ហាហៀរទឹកមាត់រាល់ពេលទទួលទានដំណេក ត្រូវតែ៖ ទី១.ផ្លាស់ប្ដូរទម្លាប់គេង៖ ការទទួលទានដំណេកហៀរទឹកមាត់ អាចបណ្ដាលមកពីទម្លាប់ដេកផ្កាប់មុខ ដែលធ្វើឱ្យទឹកមាត់ហៀរចេញមកខាងក្រៅ។ ដូច្នេះ ត្រូវទម្លាប់ទទួលទានដំណេកផ្ងាវិញ ព្រោះឥរិយាបទបែបនេះ មិនធ្វើឱ្យទឹកមាត់ហៀរចេញក្រៅ ទោះបីមានការផលិតទឹកមាត់ច្រើនក៏ដោយ។ មួយវិញទៀត ការទទួលទានដំណេកលើខ្នើយខ្ពស់ ក៏ជួយមិនឱ្យហៀរទឹកមាត់ផងដែរ។ ទី២.ពិនិត្យបញ្ហាដេកមិនស្កប់ (Sleep Apnea)៖ ការទទួលទានដំណេកមិនស្កប់ ជាបញ្ហាមិនប្រក្រតីដែលមនុស្សម្នាក់ មានដំណើរការដកដង្ហើមមិនស្រួល បណ្ដាលឱ្យរំខានការគេង ភ្ញាក់កណ្ដាលយប់ អស់កម្លាំង និងងងុយគេងស្ទើរតែពេញមួយថ្ងៃតែម្ដង។ ការហៀរទឹកមាត់ និងស្រម៉ុក ក៏ជាសញ្ញាសំខាន់ នៃការកើតមានបញ្ហាគេងមិនស្កប់នេះផងដែរ។

ទី៣.សម្អាតប្រហោងរន្ធច្រមុះ៖ មូលហេតុមួយនៃការទទួលទានដំណេកហៀរទឹកមាត់ អាចបណ្ដាលមកពីការស្ទះនៅក្នុងរន្ធច្រមុះ ដែលបង្កឱ្យការដកដង្ហើមតាមមាត់ បង្កទៅជាទទួលទានដំណេកហៀរទឹកមាត់ដោយមិនដឹងខ្លួន។ យកល្អសម្អាតទឹកសំបោរនៅក្នុងប្រហោងរន្ធច្រមុះ ដើម្បីអាចជួយមិនឱ្យការទទួលទានដំណេកហៀរទឹកមាត់ និងការងូតទឹកក្ដៅ ក៏ជួយសម្អាតច្រមុះ និងជួយឱ្យដកដង្ហើមស្រួលនៅពេលយប់ដែរ។ ជាមួយគ្នានេះ លោកអ្នកអាចប្រើផលិតផលផ្សេងទៀត ដើម្បីសម្អាតប្រហោងរន្ធច្រមុះផងដែរ។ សូមជម្រាបថា ប្រសិនបើលោកអ្នកមានបញ្ហាទទួលទានដំណេកហៀរទឹកមាត់ញឹកញាប់ ក្នុងបរិមាណច្រើន គួរតែអញ្ជើញទៅមន្ទីរពេទ្យ ដើម្បីពិគ្រោះយោបល់ ឬប្រឹក្សាជាមួយគ្រូពេទ្យឯកទេស៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



