ប្រទះឃើញសំបុកអណ្ដើកហ្លួងថ្មីមួយទៀត មានពង២៥គ្រាប់នៅឆ្នេរខ្សាច់អន្លង់ត្រាំង
S
Soriya Sou
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួងមួយទីតាំង មានពងសរុប២៥គ្រាប់នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៦…។

វាជាសំបុកទី៣ហើយ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលជលផល នៅរសៀលថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២៦។ បើតាមរដ្ឋបាលជលផល កាលពីឆ្នាំ២០២៤ ក្រុមអ្នកជំនាញបានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំង ប៉ុន្តែនៅឆ្នាំ២០២៥ ពុំមានរកឃើញមានទេ ទើបតែរកឃើញឡើងវិញនៅដើមឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន ក្រុមកា​​រងារបានចល័តពងទាំងនោះ ទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារ និងតាមដានការញាស់ ដោយធានាបាននូវអត្រាគង់វង្សខ្ពស់។

រដ្ឋបាលជលផល ចាត់ទុកសកម្មភាពទម្លាក់ពងអណ្តើកហ្លួងក្នុងជម្រកធម្មជាតិនេះ បញ្ជាក់ពីសុខភាពល្អនៃអណ្តើកហ្លួង និងអេកូឡូស៊ីនៃប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង និងខេត្តព្រះសីហនុ។ អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា និងចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ព្រមទាំងជិតផុតពូជក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាតសាយតេសផងដែរ។ ប្រព័ន្ធព្រែកស្រែអំបិល ជាកន្លែងការពារ និងអភិរក្សដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ដែលអណ្តើកហ្លួងរស់នៅ និងពងកូន ទើបរដ្ឋបាលជលផលសហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុង និងព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ការពារចាប់ពីឆ្នាំ២០០០ ដើម្បីធានានិរន្តរភាពនៃសត្វប្រភេទនេះ ក្នុងដែនទឹកធម្មជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត