
រាជធានីភ្នំពេញ៖ កាលពីសង្រ្គាមកម្ពុជា-ថៃ នាខែធ្នូ ឆ្នាំ២០២៥ យោធាថៃតែងប្រើលេសបោសសម្អាតបទល្មើសឆបោកអនឡាញ ដើម្បីឈ្លានពានកម្ពុជា ហើយមកទល់នឹងពេលបច្ចុប្បន្ន សកម្មភាពទាំងនេះ ក៏ត្រូវបានថៃយកជាឈ្នាន់ដើម្បីបិទបាំងការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បាននាំយកល្បិចរបស់ថៃទាំងអស់នេះ ទៅបកអាក្រាត ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាសកលដែលកំពុងបំផ្លាញសិទ្ធិមនុស្សដោយគ្មានព្រំដែន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយគ្មានប្រទេសណាមួយ អាចគេចផុតពីបញ្ហានេះបានឡើយ។ លោកសង្កត់ធ្ងន់ថា៖«ការប្រយុទ្ធប្រឆាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នា គឺមិនមែនជាសកម្មភាពប៉ូលីស ឬយោធាបរទេសជាឯកតោភាគី ដែលគ្រាន់តែប្រើប្រាស់សម្រាប់បិទបាំងអំពើឈ្លានពាន និងការកាន់កាប់របស់ខ្លួននោះទេ»។

ជាមួយគ្នានោះ លោកអះអាងថា អាជ្ញាធរកម្ពុជា បានបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មបានយ៉ាងច្រើន ជួយសង្គ្រោះជនរងគ្រោះរាប់ពាន់នាក់ និងបានចាប់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់។ «យើងកំពុងរៀបចំច្បាប់ពិសេសមួយ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ យូរអង្វែងរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើសនេះ»។ លោកបានឱ្យដឹងទៀតថា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំធេងនេះ កម្ពុជាក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាមួយភាគីពាក់ព័ន្ធទាំងក្នុងកម្រិតជាតិ ទ្វេភាគី និងពហុភាគីផងដែរ។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ យោធាថៃ ហ៊ាននាំអនុព័ន្ធយោធាបរទេស រួមទាំងភ្នាក់ងារប៉ូលិសស៊ើបសង្កេត (FBI) របស់អាម៉េរិកផង ចូលមកត្រួតពិនិត្យសណ្ឋាគារពីរកន្លែងស្ថិតនៅស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យរបស់កម្ពុជា ដោយគ្មានការអនុញ្ញាត។ ក្រសួងការបរទេស ចាត់ទុកទស្សនកិច្ចពិនិត្យទីតាំងពីសំណាក់ភាគីថៃ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយសារភាគីថៃមិនបានសុំការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជាឡើយ៕




