បាក់មុខកាន់តែខ្លាំង! ភេទទី៣ថៃមួយក្រុម លួចប្រាក់ និងព្រួតគ្នាវាយអ្នកទេសចរបរទេសយ៉ាងសាហាវ ផ្អើលបណ្តាញសង្គម
ហៀប ស៊ីថេត
14 ម៉ោងមុន

រាជធានីបាងកក​៖ ភាពអសន្តិសុខក្នុងតំបន់ទេសចរណ៍របស់ថៃ ប៉ាតាយ៉ា បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមជនសង្ស័យភេទទី៣(ខ្ទើយ) ឬក្រុមអ្នកកែភេទ បានលួចទ្រព្យសម្បត្តិ និងប្រើអំពើហិង្សាយ៉ាងសាហាវ ទៅលើអ្នកទេសចរបរទេសជនជាតិអាល្លឺម៉ង់ម្នាក់។ យ៉ាងណា ប៉ូលិសទេសចរណ៍ និងមន្ត្រីអន្តោប្រវេសន៍ខេត្តចន្ទបុរី បានចាប់ខ្លួនជនសង្ស័យកែភេទចំនួន៤នាក់ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត ​កំពុងរត់គេចខ្លួន...​។

កាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់វ័យ៥៥ឆ្នាំប្លាយ ត្រូវបានក្រុមភេទទី៣ជនជាតិថៃ ចំនួន២នាក់ ល្បួងទៅកាន់បន្ទប់សណ្ឋាគារ។ ឆ្លៀតពេលជនរងគ្រោះចូលបន្ទប់ទឹក ក្រុមជនសង្ស័យទាំងនោះ បានលួចលុយសុទ្ធប្រមាណ ៣៥០០០បាត ឬប្រហែលជិត២០០០ដុល្លារ រួចគេចខ្លួនបាត់។ អ្វីដែលកាន់តែហួសចិត្ត គឺថា..នៅពេលជនរងគ្រោះតាមទាន់ជនសង្ស័យម្នាក់ នៅក្បែរឆ្នេរសមុទ្ទប៉ាតាយ៉ា ហើយព្យាយាមប្តឹងទៅប៉ូលិស ប៉ុន្តែបែរជាត្រូវបក្ខពួកជនសង្ស័យ ព្រួតគ្នាវាយទៅលើជនរងគ្រោះឱ្យមានរបួសយ៉ាងដំណំ។

ជន​សង្ស័យ៣នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​រួម​គ្នា ចំណែកឯ២​នាក់​ក្នុងចំណោមនោះ បាន​ប្រឈម​នឹងការ​ចោទ​ប្រកាន់​បន្ថែម​ពី​បទ​គប់គិតគ្នាលួចលួចទ្រព្យសម្បត្តិអ្នកដទៃ។ ប៉ូលិសថៃបញ្ជាក់ថា ជនសង្ស័យ២នាក់ក្នុងចំណោមជនសង្ស័យទាំងអស់ បានចេញមុខសុំទោស និងបានសារភាពថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយសារពួកគេឃើញលុយច្រើន រួចក៏កើតចិត្តចង់បាន។ គួរបញ្ជាក់ថា ករណីនេះ ឆ្លុះបញ្ចាំងពីភាពធូររលុងនៃផ្នែកការពារសន្តិសុខសម្រាប់ជនបរទេស ដែលជារឿយៗពួកគេងាយរងគ្រោះដោយសារក្រុមជនខិលខូចថៃមួយចំនួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត