
រាជធានីបាងកក៖ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតសកលឆ្នាំ២០២៦ ដ៏ចម្រូងចម្រាស គណបក្សភូមិចៃថៃ ដឹកនាំដោយ អនុទីន ឆានវីរគុល បានកំណត់រូបមន្តបែងចែកកៅអីរដ្ឋមន្ត្រីថ្មី ក្នុងទម្រង់ «៥-១៩-៨-៣» ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះមួយ សរុបប្រមាណ២៩៨អាសនៈក្នុងសភា។ ទន្ទឹមនោះ អនុទីន ត្រូវបានគេរំពឹងថា នឹងអង្គុយកៅអីនាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងការពារជាតិផង ខណៈស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅតែបន្តភាពតានតឹង។ នេះបើយោងតាម The Nation ចុះផ្សាយនៅថ្ងៃទី២៥កុម្ភៈនេះ...។

រូបមន្ត «៥-១៩-៨-៣» បានកំណត់ និងបែងចែកកៅអីរដ្ឋមន្រ្តីនៃសម្ព័ន្ធរាជរដ្ឋាភិបាលចម្រុះ សរុបចំនួន៣៥កៅអី ដោយ៥កៅអី ទុកសម្រាប់អ្នកជំនាញឯករាជ្យ ដូចជាផ្នែកហិរញ្ញវត្ថុ, ១៩កៅអី គ្រប់គ្រងដោយគណបក្សភូមិចៃថៃ រួមទាំងតំណែងនាយករដ្ឋមន្ត្រី, ៨កៅអី ជារបស់គណបក្សភឿថៃ, និង៣កៅអី ជារបស់គណបក្សកម្លាំងប្រជាជន ដែលគេស្គាល់ថា គណបក្សផាឡាំងប្រាឆារ៉ាត់ (พลังประชารัฐ) និងបក្សតូចៗផ្សេងទៀត។

បេក្ខភាពសំខាន់ៗក្នុងគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថា៖ លោក អនុទីន ឆានវីរគុល នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ឯកនីតិ និតិតាន់ប្រៈផាស់ (เอกนิติ นิติทัณฑ์ประภาศ) នឹងកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, លោក សីហាស័ក្តិ ភួងកេតកែវ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស, លោក ភីផាត់ រាជកិច្ចប្រៈការ (พิพัฒน์ รัชกิจประการ) នឹងកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន, លោក ឆៃឆាណុក ឈីដឆប (ไชยชนก ชิดชอบ) នឹងក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល, ចំណែក លោក សុរិយា ជុងរុងរឿងកិច្ច មកពីបក្សភឿថៃ ត្រូវបានគេរំពឹងថា នឹងកាន់តំណងរដ្ឋមន្ត្រីក្រសួងកសិកម្ម។

គួរបញ្ជាក់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ នឹងប្រកាសលទ្ធផលផ្លូវការក្នុងពេលឆាប់ៗ ខណៈបញ្ជីឈ្មោះរដ្ឋមន្ត្រីទាំងអស់ នឹងត្រូវសម្រេចក្នុងរយៈពេល១ទៅ២ថ្ងៃបន្ទាប់ពីចេញលទ្ធផល។ សំណួរសួរថា ប្រសិនបើ អនុទីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីផង និងរដ្ឋមន្រ្តីក្រសួងការពារជាតិផងនោះ តើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នឹងទៅជាយ៉ាងណា? ដ្បិតអតីតនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះ ត្រូវបានគេមើលឃើញថា ហ៊ានធ្វើអ្វីៗទាំងអស់ តាមបទបញ្ជារបស់ក្រុមអាមាត និងរាជវាំងថៃ ដែលតែងតែចិញ្ចឹមចិត្តលេបត្របាក់ទឹកដីកម្ពុជា អស់រយៈពេលជាង៥០០ឆ្នាំមកហើយនោះ...៕




