
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ជេ ត្រាំ បានផ្ញើសារព្រមានយ៉ាងរន្ធត់ទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣កុម្ភៈនេះថា ប្រសិនបើការចរចាមិនទទួលបានលទ្ធផល ហើយសង្គ្រាមត្រូវផ្ទុះឡើងមែននោះ សហរដ្ឋអាម៉េរិក នឹងកម្ទេចអ៊ីរ៉ង់ងាយដូចបកចេក...។

ការប្រកាសក្ដែងៗនេះ ធ្វើឡើងដើម្បីច្រានចោលនូវរាល់របាយការណ៍ដែលថា មេទ័ពកំពូលរបស់អាម៉េរិក មានការបារម្ភពីហានិភ័យនៃប្រតិបត្តិការយោធាខ្នាតធំ ប្រឆាំងនឹងរបបដឹកនាំរដ្ឋធានីតេហេរ៉ង់។ តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានវាយបកទៅលើសារព័ត៌មានល្បីៗរបស់អាម៉េរិក ដែលចុះផ្សាយថា លោកឧត្តមសេនីយ៍ ដេន ខេន (Dan Caine) ប្រធានអគ្គសេនាធិការចម្រុះ ព្រមានពីគ្រោះថ្នាក់នៃការជាប់ផុងក្នុងសង្គ្រាមរយៈពេលវែងជាមួយអ៊ីរ៉ង់។ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា របាយការណ៍ទាំងនោះគឺខុស១០០ភាគរយ។ លោកលើកឡើងថា៖«ប្រសិនបើការសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្នុងកម្រិតយោធា លោកឧត្តមសេនីយ៍ Caine ជឿជាក់ថា វានឹងក្លាយជាសង្គ្រាមដែលយើងឈ្នះយ៉ាងងាយស្រួលបំផុត»។

ទោះបីជាមន្ត្រីជិតស្និទ្ធមួយចំនួន រួមទាំងលោក ជេរេដ ខូស្នឺ (Jared Kushner) ជំរុញឱ្យទុកឱកាសសម្រាប់ផ្លូវការទូតក៏ដោយ ប៉ុន្តែលោក ត្រាំ នៅតែរក្សាជំហរចុងកាណុងដដែល។ លោកបានសង្កត់ធ្ងន់ថា លោកចង់បានកិច្ចព្រមព្រៀងជាជាងសង្គ្រាម ប៉ុន្តែបើគ្មានការព្រមព្រៀងទេ វានឹងក្លាយជាគ្រោះដ៏អាក្រក់បំផុតសម្រាប់អ៊ីរ៉ង់ និងជាការសោកស្ដាយបំផុតសម្រាប់ប្រជាជនរបស់ប្រទេសនេះ។ ទន្ទឹមនោះ លោកបានរំឭកពិភពលោកថា លោកគឺជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ហើយយោធាអាម៉េរិកដឹងតែរឿងម្យ៉ាងគត់ គឺដឹងតែឈ្នះ។

បច្ចុប្បន្ន អាម៉េរិកបានពង្រាយកម្លាំងយោធាយ៉ាងមហាសាលទៅកាន់មជ្ឈិមបូព៌ា រួមមាននាវាផ្ទុកយន្តហោះ២គ្រឿង នាវាចម្បាំងរាប់សិបគ្រឿង និងយន្តហោះចម្បាំងជាច្រើនទៀត ដើម្បីដាក់សម្ពាធឱ្យអ៊ីរ៉ង់បោះបង់កម្មវិធីនុយក្លេអ៊ែរ។ ខណៈកិច្ចចរចាជុំថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខ សម្ដីរបស់លោក ត្រាំ នាពេលនេះ ហាក់ដូចជាការដាក់ឱសានវាទចុងក្រោយទៅកាន់អ៊ីរ៉ង់ថា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬក៏ត្រូវប្រឈមមុខនឹងការបំផ្លិចបំផ្លាញ៕


