
ទីក្រុងហ្សឺណែវ៖ ដូចការគ្រោងទុក អាម៉េរិក-អ៊ីរ៉ង់ បានចាប់ដៃគ្នា និងដើរចូលតុចរចា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នៅថ្ងៃ២៦កុម្ភៈនេះ។ ភាគីអាម៉េរិក ដឹកនាំដោយលោក ស្ទីហ្វ វីតកូហ្វ (Steve Witkoff) ជាបេសកជនពិសេស ហើយលោក ចារីដ កូស្នឺ (Jared Kushner) មន្រ្តីជាន់ខ្ពស់អាម៉េរិក និងជាកូនប្រសារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងនោះ ក៏មានវត្តមានដែរ។ ចំណែកភាគីអ៊ីរ៉ង់ ដឹកនាំដោយរដ្ឋមន្រ្តីការបរទេស លោក អាបាស អារ៉ាឈី (Abbas Araghchi)។

«គ្មានខាងណា ទទួលបានជ័យជម្នះឡើយ គឺមានតែសង្គ្រាមដែលសាហាវខ្លាំងក្លាប៉ុណ្ណោះ» នេះជាពាក្យមួយឃ្លា ដែលរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន មុនពេលលោកឈានជើងចូលបន្ទប់ចរចាជាមួយភាគីអាម៉េរិក។ សម្តីរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Al Jazeera។

តាមរយៈពាក្យសម្តីគ្មានខ្លាចរអានេះ ភាគីអ៊ីរ៉ង់ ហាក់ចង់ប្រាប់ភាគីអាម៉េរិកឱ្យយល់ច្បាស់ថា បើអាម៉េរិកហ៊ានបង្កសង្គ្រាមដាក់អ៊ីរ៉ង់ពិតមែន មហន្តរាយធំធេងនឹងកើតឡើង។ ជំនួបអាម៉េរិក-អ៊ីរ៉ង់ កើតឡើង ស្របពេលស្ថានការណ៍ជម្លោះពាក្យសម្តី និងការឌឺដងគ្នារវាងមេដឹកនាំប្រទេសទាំងពីរ កំពុងឡើងកម្តៅកាន់តែខ្លាំង។ ប្រទេសនានា បានប្រាប់ពលរដ្ឋខ្លួនឱ្យប្រញាប់ចាកចេញពីអ៊ីរ៉ង់។

អាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនមែនគំរាមតែមាត់ទទេឡើយ តែបានបញ្ជូនសព្វាវុធ និងកម្លាំងទៅក្បែរអ៊ីរ៉ង់រួចជាស្រេច។ នៅមុខអ្នកកាសែត រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បញ្ជាក់ត្រង់កន្លែងនេះថា មូលដ្ឋានទ័ពអាម៉េរិក នៅពាសពេញតំបន់មជ្ឈិមបូព៌ា ដូច្នេះ តំបន់នេះទាំងមូល នឹងត្រូវជាប់ពាក់ព័ន្ធ ឬរងឥទ្ធិពល បើសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ផ្ទុះឡើង។

ភាគីទាំងពីរ បង្ហាញបំណងដូចគ្នាថា ចង់បន្ថយកម្តៅតាមរយៈកិច្ចចរចា។ នេះជាកិច្ចចរចាជុំទី៣ហើយ។ បំណងធំមួយរបស់អាម៉េរិកក្នុងកិច្ចចរចា គឺចង់ឱ្យអ៊ីរ៉ង់ ផ្អាកឬបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែ។ ប៉ុន្តែគេដឹងជាមុនរួចទៅហើយ អ៊ីរ៉ង់ ច្បាស់ជាមិនយល់ព្រមបោះបង់ការអភិវឌ្ឍនុយក្លេអ៊ែចោលងាយៗ ដែលខ្លួនខំចំណាយលុយនិងធនធានអស់គរគោកមកហើយនោះទេ ហើយម្យ៉ាងទៀត អ៊ីរ៉ង់ ក៏មិនអាចបោះបង់ចោលអាវុធនុយក្លេអ៊ែ ដែលប្រៀបដូចជាកាច់ចង្កូមខ្លួនឯងចោលដែរ។ ចំណុចគន្លឹះនេះហើយ ដែលធ្វើឱ្យគេមើលឃើញថា អាម៉េរិក-អ៊ីរ៉ង់ពិបាកនិយាយចូលគ្នា៕



