
រដ្ឋធានីហ្សេរ៊ុយសាឡឹម៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្តា ម៉ូឌី (Narendra Modi) បានហោះទៅដល់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធទី២៥កុម្ភៈ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ដែលមានគោលបំណងរឹតបន្តឹងចំណងទំនាក់ទំនង ចំពេលមានការព្រួយបារម្ភ ជុំវិញហានិភ័យនៃជម្លោះយោធាដ៏ស្រួចស្រាវរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់...។

នៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ីស្រាអែល លោក ម៉ូឌី បានប្រាប់សមាជិកសភាថា ឥណ្ឌាឈរជាមួយអ៊ីស្រាអែលដោយជំនឿចិត្តយ៉ាងមុតមាំ ខណៈលោកក៏បានចូលរួមរំលែកទុក្ខចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៣ ផងដែរ។ លោកថ្លែងថា៖«ដូចជាអ្នកដែរ យើងមានគោលនយោបាយច្បាស់លាស់ និងមិនងាករ៉េ គឺការមិនអត់ឱនជាដាច់ខាតចំពោះអំពើភេរវកម្ម ដោយគ្មានស្ដង់ដារ២ឡើយ»។ ទាំងលោក ម៉ូឌី និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានលើកឡើងពីការវាយប្រហារភេរវកម្ម ដែលប្រទេសទាំង២ បានជួបប្រទះកន្លងមក ដោយលោក នេតាន់យ៉ាហ៊ូ បញ្ជាក់ថា ឥណ្ឌា-អ៊ីស្រាអែល សុទ្ធតែប្រឈមមុខនឹងបញ្ហានៃការតទល់នឹងក្រុមអ៊ិស្លាមជ្រុលនិយម។

លោក ម៉ូឌី ដែលជាអ្នកជាតិនិយមហិណ្ឌូ បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រឥណ្ឌា បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងឆ្នាំ២០១៧ ដែលកាលនោះលោក និងលោក នេតាន់យ៉ាហ៊ូ ដើរកម្សាន្តដោយជើងទទេនៅលើឆ្នេរខ្សាច់ក្នុងទីក្រុងហៃហ្វា (Haifa)។ ជិត៩ឆ្នាំក្រោយមក មេដឹកនាំទាំង២ បានវិលមកជួបគ្នាជាថ្មីម្ដងទៀត ដែលគេរំពឹងថា នឹងពិភាក្សាលើបញ្ហាបញ្ញាសិប្បនិម្មិត(AI) ក៏ដូចជាវិស័យការពារជាតិ ស្របពេលអ៊ីស្រាអែលកំពុងបង្កើនការនាំចេញយោធារបស់ខ្លួន។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នឹងបើកទ្វារសម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការថ្មីៗ លើវិស័យជាច្រើន ខណៈទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ កំពុងស្ថិតក្នុងចំណុចរបត់នៃការពង្រឹងកម្រិតយុទ្ធសាស្ត្រដ៏សំខាន់។

សូមជម្រាបថា លោក ម៉ូឌី ទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ចំពេលសហរដ្ឋអាម៉េរិក កំពុងដាក់ពង្រាយកម្លាំងយោធាជើងទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្បែរឆ្នេរសមុទ្ទអ៊ីរ៉ង់ ខណៈដែលប្រទេសទាំង២ កំពុងជាប់គាំងក្នុងការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់៕




