
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានរកឃើញភស្តុតាង ដែលអ៊ីរ៉ង់ កំពុងព្យាយាមបង្កើតកម្មវិធីអាវុធនុយក្លេអ៊ែឡើងវិញ បន្ទាប់ពីអាម៉េរិកបានទម្លាក់គ្រាប់កម្ទេចទីតាំងអភិវឌ្ឍនុយក្លេអ៊ែសម្ងាត់របស់អ៊ីរ៉ង់ម្តងរួចមកហើយ កាលពីពាក់កណ្តាលឆ្នាំ២០២៥កន្លងទៅ។ នេះបើតាមការប្រកាសរបស់លោក ជេម ដាវីដ វ៉ានស៍ (James David Vance) អនុប្រធានាធិបតីអាម៉េរិក នៅមុខក្រុមអ្នកកាសែតអន្តរជាតិ។

សារព័ត៌មាន Reuters បានស្រង់សម្តីរបស់លោក ជេម ដាវីដ វ៉ានស៍ ទៅចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ យ៉ាងដូច្នេះថា៖«អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែបានទេ»។ អនុប្រធានាធិបតីអាម៉េរិក ផ្ញើសារបែបគំរាមនេះទៅកាន់អ៊ីរ៉ង នៅមុនកិច្ចចរចាមកដល់តែបន្តិចប៉ុណ្ណោះ។ លោក ស្ទីហ្វ វីតកូហ្វ (Steve Witkoff) បេសកជនពិសេសអាម៉េរិក និងភាគីអ៊ីរ៉ង់ ត្រៀមជួបចរចាគ្នាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នៅថ្ងៃ២៦កុម្ភៈនេះ ដើម្បីបន្ថយកម្តៅរវាងប្រទេសទាំងពីរ។

បំណងធំបំផុតមួយ ដែលអាម៉េរិកចង់បានក្នុងកិច្ចចរចា គឺចង់ឱ្យអ៊ីរ៉ង់លុប ឬផ្អាកកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែ តែត្រូវគេសន្និដ្ឋានជាមុនថា អ៊ីរ៉ង់នឹងមិនងក់ក្បាលយល់ព្រមឡើយ។ ដំណឹងដែលអាម៉េរិកទើបទទួលបាននាពេលនេះ ជាទឡ្ហីករណ៍ច្បាស់លាស់បង្ហាញថា អ៊ីរ៉ង់មិនត្រឹមតែមិនផ្អាកនោះទេ គឺមានតែលួចអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែឡើងវិញថែមទៀត។ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ តែងបញ្ជាក់ជំហរម្តងហើយម្តងទៀតថា នឹងទប់ស្កាត់មិនឱ្យអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែឡើយ។

គួរជម្រាបបន្តិចថា អាម៉េរិក និងអ៊ីរ៉ង់ កំពុងពាក់មុខយក្សដាក់គ្នា ហើយធ្វើឱ្យគេបារម្ភថា សង្គ្រាមអាចនឹងផ្ទុះឡើង បើភាគីទាំងពីរ មិនប្រញាប់រកដំណោះស្រាយជាមួយគ្នា។ ពេលនេះ សព្វាវុធទំនើបៗសាហាវៗរបស់អាម៉េរិក ពិសេសនាវាចម្បាំង និងយន្តហោះចម្បាំង កំពុងតែក្រឡឹងក្បែរអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់វិញ ក៏បានដាក់ចង្អុលដៃចូលកៃកាំភ្លើងរួចស្រេចដែរ ត្រៀមកំដរលេងជាមួយអាម៉េរិកគ្រប់ពេល៕



