
រាជធានីភ្នំពេញ៖ លោក ចាស កានថ៍ (Jaz Kanth) នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍កីឡាវាយកូនហ្គោល។ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៦កុម្ភៈ..។

មន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការប្តេជ្ញាចិត្តរបស់លោកនាយកប្រតិបត្តិក្រុមហ៊ុន ធ្វើទ្បើងកាលពីថ្ងៃទី២៥កុម្ភៈម្សិលមិញ ក្នុងពេលជួបពិភាក្សាជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើគម្រោងរៀបចំព្រឹត្តិការណ៍វាយកូនហ្គោលនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក។ លោករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនហ្គោល។

ជាមួយគ្នា លោករដ្ឋមន្រ្តីប្រាប់ក្រុមហ៊ុនឱ្យរៀបចំនូវឯកសារទស្សនទាន (concept note) និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីដាក់មកក្រសួងទេសចរណ៍ ពិនិត្យ និងសិក្សា ជាមួយសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា។ សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានទីលានវាយកូនហ្គោលចំនួន១១ទីតាំង និងកន្លែងហាត់វាយកូនហ្គោលចំនួន៥ទីតាំង ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងទេសចរណ៍៕



