ក្រុមកីឡាវាយកូនហ្គោលនគរបាលជាតិកម្ពុជា ឈ្នះក្រុមនគរបាលថៃ នៃការប្រកួតមិត្តភាពលើកទី១ នៅខេត្តចន្ទបុរី
R
Rorn Phork
16 សីហា 2022 05:00 AM

(បាងកក)៖ ក្រុមកីឡានគរបាលជាតិកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាតម្រួតថៃ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលមិត្តភាពនគរបាលថៃ-កម្ពុជា លើកទី១ នៅទីលានវាយកូនគោល CHATRIUM GOLF RESORT SOI DAO នាខេត្តចាន់ថៈប៊ូរី (ចន្ទបុរី) ប្រទេសថៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូកីឡាកម្ពុជាចំនួន២៤រូប ចូលរួមព្រឹត្តិការណ៍កីឡាវាយកូនហ្គោលប្រពៃណី លើ​កទី១ នៅខេត្តចន្ទបុរី បានថ្លែងថា ការប្រកួតនេះ បង្កើតឡើងក្នុងគោលបំណងផ្សាភ្ជាប់ រឹតចំណង​មិត្តភាព សាមគ្គីភាព រវាងនគរបាលថៃ និងនគរបាលកម្ពុជា ឱ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។ ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួត​នេះ កម្ពុជានឹងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតលើកទី២ វិញម្ដង ដែលគ្រោងប្រារព្ធនៅអំឡុង​ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ និងក្រុមកីឡាករថៃ ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមកីឡាករកម្ពុជា រយៈពេល៣ថ្ងៃ ដែលបានញ៉ាំងឱ្យព្រឹត្តិការណ៍មួយនេះ ពោរពេញទៅដោយអនុស្សាវរីយ៍ និងអត្ថន័យជាប្រវត្តិសាស្ត្រផងដែរ។

សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលមិត្តភាព លើកទី១ ឆ្នាំ២០២២ ភាគីកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកីឡាករ២៤រូប។ រីឯភាគីថៃ ដឹកនាំដោយ លោក ស៊ិតធិភុន គ្រុឌណាត (Sithiphon Krudnat) ប្រធានសហព័ន្ធកីឡាវាយកូនហ្គោលប្រចាំខេត្តចន្ទបុរី (អតីតខេត្តខ្មែរ ថៃហៅថា ចាន់ថៈប៊ូរី)...។

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត