បើថៃមិនខ្វល់រឿងបាក់មុខលើឆាកអន្តរជាតិ ហើយបន្តគ្រប់គ្រងដណ្តើមដីដោយខុសច្បាប់បន្ថែម តើកម្ពុជាគួរចាត់វិធានការអ្វីបន្ត?
S
Soriya Sou
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ បទសម្ភាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បកស្បែកមុខថៃឈ្លានពានទឹកដីកម្ពុជាយ៉ាងជ្រៅដោយខុសច្បាប់ ជាមួយសារព័ត៌មានអន្តរជាតិ Reuters និង Fox News ​នៅសហរដ្ឋអាម៉េរិកថ្មីៗនេះ ត្រូវបានចែកចាយពេញពិភពលោក ធ្វើឱ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីមុខមាត់ពិតរបស់ថៃ។ យ៉ាងណា មតិសាធារណជនជាច្រើនបានលើកឡើងថា ពេលនេះ កម្ពុជាហាក់មានប្រៀបផ្នែកការទូត ព្រោះក្រោយឃើញបទសម្ភាសរបស់មេដឹកនាំកម្ពុជា ភ្លាមៗរដ្ឋមន្រ្តីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ អង្គុយលែងនឹង និងបានរត់ឡើងយន្តហោះទៅប្រទេសបារាំង និងស្វីស ដើម្បីតតាំងផ្នែកការទូតជាមួយកម្ពុជា…។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា  
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា  

តើកម្ពុជាកំពុងមានប្រៀបផ្នែកការទូតជាមួយថៃ ពិតមែនឬ? លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា លោកមិនយល់ស្របចំពោះមតិលើកឡើងថា កម្ពុជាកំពុងមានប្រៀបលើភាគីថៃដែលបានឈ្លានពានទឹកដីកម្ពុជា លើផ្នែកការទូតអន្តរជាតិនោះទេ។ មិនយល់ស្រប! ក៏ព្រោះតែសព្វថ្ងៃ យោធាថៃមិនទាន់ដកថយចេញពីទឹកដីកម្ពុជា ដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់នៅឡើយ ខណៈបរទេសមហាអំណាច អង្គការអន្តរជាតិនានា ក៏មិនទាន់មានវិធានការណាមួយលើបញ្ហាថៃឈ្លានពានកម្ពុជានេះដែរ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ 
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ 

លោកថា ថៃមិនដែលខ្វល់ពីរឿងបាក់មុខលើឆាកអន្តរជាតិទេ ថៃខ្វល់តែរឿងដណ្ដើមយកដីកម្ពុជាបានប៉ុណ្ណោះ បើថៃមិនខ្វល់រឿងបាក់មុខផ្នែកការទូតលើឆាកអន្តរជាតិ ហើយបន្តគ្រប់គ្រង និងដណ្ដើមយកដីកម្ពុជាបន្ថែមទៀត តើកម្ពុជាត្រូវធ្វើអ្វីបន្ត? អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ លើកជាមតិយោបល់ថា៖«កម្ពុជានៅតែត្រូវប្រឹងប្រែងឱ្យសកម្មបន្ថែម ទាំងលើកិច្ចការច្បាប់អន្តរជាតិ ទាំងផ្នែកការទូត ខណៈការទូតព័ត៌មាន ក៏ត្រូវបន្តឱ្យសកម្មដូចគ្នា។ មួយវិញទៀត កម្ពុជាត្រូវកែទម្រង់ស៊ីជម្រៅរឹងមាំលើវិស័យយោធាការពារជាតិ និងវិស័យផ្សេងៗទៀតព្រមជាមួយគ្នា កុំចាំទាល់តែសង្រ្គាមចប់ ទើបកែទម្រង់! មិនដូច្នេះទេ ថៃនឹងបន្តឈ្លានពានយកទឹកដីកម្ពុជាទៀត»។

យោធាថៃដាក់រាយទូកុងតឺនឺរ និងរាយបន្លាលួសយកដីកម្ពុជា
យោធាថៃដាក់រាយទូកុងតឺនឺរ និងរាយបន្លាលួសយកដីកម្ពុជា

លោក បណ្ឌិត ជ័យ តិច អ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏បានលើកឡើងដែរថា តាមរយៈបទសម្ភាស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយសារព័ត៌មានបរទេស កាលពីពេលថ្មីៗ បានធ្វើឱ្យអន្តរជាតិបានដឹងពីបញ្ហាជាក់ស្ដែង ដែលបានកើតឡើងលើទឹកដីកម្ពុជា ដោយសារស្នាដៃថៃ។ ថ្លែងប្រាប់ SBM News នៅថ្ងៃដដែល អ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយរូបនេះ មិនរំពឹងថា នឹងអាចមានប្រទេសណាមួយហ៊ានបើកមាត់អន្តរាគមន៍ដាក់សម្ពាធទៅភាគីថៃឱ្យឈប់ឈ្លានពានកម្ពុជាទេ។ ថៃបានបន្តរំលោភបំពានកម្ពុជាទាំងព្រំដែនគោក ហើយថ្មីៗនេះ ថៃបន្តរំលោភចូលដែនទឹកកម្ពុជាទៀត។

លោកបណ្ឌិត ជ័យ តិច អ្នកវិភាគបញ្ហាភូមិសាស្រ្តនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម 
លោកបណ្ឌិត ជ័យ តិច អ្នកវិភាគបញ្ហាភូមិសាស្រ្តនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម 

លោកបណ្ឌិត ជ័យ តិច លើកជាយោបល់ថា៖«អ្វីដែលកម្ពុជាត្រូវធ្វើបន្តទៀតនោះ គឺការបន្តធ្វើនូវអ្វីដែលយើងបាននិងកំពុងធ្វើ ហើយត្រូវបន្លឺសំឡេងរបស់យើងនៅលើឆាកអន្តរជាតិឱ្យកាន់តែឮជាងមុន។ រឿងសំខាន់មួយទៀតដែលយើងត្រូវតែធ្វើ គឺការពង្រឹងខ្លួនឯងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗ ទាំងលើសេដ្ឋកិច្ច វិស័យយោធា វិស័យធនធានមនុស្ស ដើម្បីអាចការពារខ្លួនពីការឈ្លានពានជាថ្មីនៅពេលអនាគត»។ ហេតុអ្វីថៃបន្តគេចវេះមិនបញ្ជូនមន្រ្តីវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា? លោកបណ្ឌិត ជ័យ តិច ថា លោកមិនចម្លែកចិត្តទេដែលថៃបន្តគេចវេះ ព្រោះថៃជាអ្នកឈ្លានពានកម្ពុជា បើថៃចូលមកវាស់វែង នោះការពិតច្បាស់ជាត្រូវបានលាតត្រដាង ថា ថៃឈ្លានពានកម្ពុជាប្រាកដមែន។ 

អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមអ្នកសង្កេតការអាស៊ាន (AOT) ក្នុងពេលចុះពិនិត្យមើលស្ថានភាពព្រំដែនកម្ពុជា-ថៃ។
អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមអ្នកសង្កេតការអាស៊ាន (AOT) ក្នុងពេលចុះពិនិត្យមើលស្ថានភាពព្រំដែនកម្ពុជា-ថៃ។

តែយ៉ាងណា កម្ពុជាត្រូវតែបន្តធ្វើកំណត់ទូត និងរៀបចំកិច្ចប្រជុំនូវយន្តការដែលមានស្រាប់ឡើងវិញ ហើយរាល់ពេលផ្ញើកំណត់ទូតទៅថៃ កម្ពុជាក៏ត្រូវបញ្ជូនព័ត៌មានទៅកាន់ស្ថានទូត ស្ថាប័នអន្តរជាតិនានា និងត្រូវទាញឱ្យមានកិច្ចប្រជុំអាស៊ាន កិច្ចប្រជុំពហុភាគី កិច្ចប្រជុំអន្តរជាតិ ដើម្បីកៀងថៃឱ្យចូលតុចរចារដោះស្រាយបញ្ហាព្រំដែនជាមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត