សត្វតុកកែប្រភេទថ្មីមួយ ត្រូវបានក្រុមអ្នកជំនាញរកឃើញនៅឧទ្យានជាតិគិរីរម្យ
L
Linda Sorn
13 ម៉ោងមុន

រាជធានីភ្នំពេញ​៖ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលយ៉ាងយូរ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ និងអ្នកជំនាញពាក់ព័ន្ធបានរកឃើញរបកគំហើញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយ មានឈ្មោះថា «តុកកែខ្លួនបង្កង់គិរីរម្យ» នៅឧទ្យានជាតិគិរីរម្យនៃប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ កាលពីថ្ងៃទី២៤កុម្ភៈ។

បើតាមសេចក្តីប្រកាសព័ត៌មាន ការរកឃើញត្រូវបានធ្វើឡើងដោយមានការសហការរវាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ លោក នាង ធី ប្រធានផ្នែកអភិរក្ស លោក ប្រាយអាន អិល ស្ទូអាត (Bryan L. Stuart) នៃសារមន្ទីរវិទ្យាសាស្រ្តធម្មជាតិ North Carolina និង លោក អិល លីគ្រីសមើរ (L. Lee Grismer) នៃសាកលវិទ្យាល័យ La Sierra នៃសហរដ្ឋអាម៉េរិក។ ការរកឃើញថ្មីនេះ បានបោះពុម្ពផ្សាយនៅទស្សនាវដ្ដីវិទ្យាសាស្រ្ត Zootaxa, ដោយបង្ហាញពីសារសំខាន់ដ៏វិសេសវិសាល និងការបន្តរុករករបកគំហើញថ្មីៗ ពីជីវៈចម្រុះនៃតំបន់ជួរភ្នំក្រវាញ និងជាទីជម្រកនៃប្រភេទភាវៈរស់ជាច្រើនប្រភេទ ដែលមិនមានវត្តមាននៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។ សេចក្តីប្រកាសបាន​ឱ្យដឹងថា ប្រភេទថ្មីនេះ ត្រូវបានគេសង្កេតឃើញរស់នៅ និងរកចំណីរនៅពេលយប់ តាមដើមឈើទាបៗ គល់ឈើ លើផ្ទាំងថ្មក្បែរអូរ និងតាមគន្លងផ្លូវព្រៃជាច្រើនក្នុងព្រៃពាក់កណ្តាលស្រោង។

ឈ្មោះសត្វដែលត្រូវបានដាក់ភ្ជាប់ទៅនឹងឈ្មោះឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ការពារមួយមានទីតាំងក្នុងខេត្តកំពង់ស្ពឺ គ្របដណ្ដប់ដោយព្រៃស្រល់ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង លាយឡំជាមួយដើមឫស្សី។ លោក នាង ធី ប្រធានផ្នែកអភិរក្ស អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិបានគូសបញ្ជាក់ថា៖«ការរកឃើញនេះរំឭកយើងថា ជីវៈចម្រុះរបស់កម្ពុជាជាច្រើននៅមិនទាន់បានចុះបញ្ជីអស់នៅឡើយ។ សូម្បីតែនៅតំបន់ការពារដ៏ល្បីឈ្មោះ ដូចជាឧទ្យានជាតិគិរីរម្យ ក៏មានប្រភេទសត្វល្មូនជាច្រើនប្រភេទកំពុងរង់ចាំការធ្វើការសិក្សាស្រាវជ្រាវ ក៏ដូចជាការទទួលស្គាល់ផងដែរ។ ការបន្តការស្រាវជ្រាវនៅទីវាល គឺជាការចាំបាច់ណាស់ដើម្បីស្វែងយល់ និងការពារសត្វព្រៃដ៏កម្ររបស់ប្រទេស»លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មី ពិតជាបានបញ្ជាក់ប្រាប់យើងទាំងអស់គ្នាពីសារសំខាន់នៃគម្របបៃតងរបស់តំបន់ការពារធម្មជាតិ ដ៏មានតម្លៃ និងគុណប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន ទាំងសម្រាប់មនុស្ស និងធម្មជាតិ ការចូលរួមថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ដើម្បីនិរន្តរភាពសម្រាប់មនុស្សជាតិ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់កូនចៅយើងជំនាន់ក្រោយ។

លោក ខៃ អាទិត្យ នាំពាក្យក្រសួងបរិស្ថាន   
លោក ខៃ អាទិត្យ នាំពាក្យក្រសួងបរិស្ថាន   

លោកសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការពង្រឹងការអនុវត្តច្បាប់ ការពង្រីកគម្របបៃតង និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដើម្បីធានាឱ្យតំបន់ការពារធម្មជាតិនៅកម្ពុជាបន្តផ្តល់ជាទីជម្រកសម្រាប់សត្វ និងរុក្ខជាតិជាច្រើនប្រភេទ ជាពិសេស ពពួកប្រភេទងាយរងគ្រោះ និងជិតផុតពូជលើពិភពលោក ដែលមានតម្លៃជាសកល ហើយក៏ជាកន្លែងដ៏សំខាន់មួយផងដែរសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្តល់ឱកាស សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ តាមរយៈការរៀបចំគោលដៅ លំហែបៃតង ដ៏មានសក្តានុពលរបស់ប្រទេស។ គួរបញ្ជាក់ថា ប្រភេទសត្វនេះ ត្រូវបានជួបប្រទះជាលើកដំបូងដោយលោក បណ្ឌិត Stuart ក្នុងកំលុងពេលមកបំពេញបេសកកម្មដំបូងនៅប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កាលពីជាងពីរទសវត្សរ៍មុន។ សត្វនេះ ស្ថិតនៅក្នុងក្រុមមួយនៃតុកកែជើងកោង ដែលគេធ្លាប់តែចាត់ទុកថា ជាតំណាង ឱ្យប្រភេទតុកកែតែមួយប្រភេទ ដែលកំពុងមានវត្តមានគ្រប់ទីកន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត