ប្រមុខការទូតកម្ពុជា-ថៃ យកសុន្ទរកថាធ្វើអាវុធ តទល់គ្នាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
Mao Sopha
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់វេនតំណាងកម្ពុជាឡើងថ្លែងសារ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ តាមរយៈប្រមុខការទូតកម្ពុជា អង្គប្រជុំទាំងមូល បានស្តាប់ឮ និងបានដឹងអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជា ចាប់តាំងពីការបង្កសង្គ្រាមឈ្លានពាន រហូតដល់ពេលផ្អាកសង្គ្រាម។ ប្រមុខការទូតថៃ ក៏មានវត្តមានដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ក្នុងកិច្ចប្រជុំដ៏សំខាន់ ដែលមានថ្នាក់ដឹកនាំ និងគណៈប្រតិភូពីប្រទេសនានាជុំវិញពិភពលោកចូលរួម ប្រមុខការទូតកម្ពុជាបានប្រើភាសាបារាំងក្នុងការថ្លៃងសុន្ទរកថា ហើយត្រូវបានគេបកប្រែផ្ទាល់មាត់មកជាភាសាអង់គ្លេស។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា លើកឡើងថា តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក ថៃបានចាប់ផ្តើមប្រើកម្លាំងយោធាមកលើកម្ពុជា ដោយបន្សល់ទុកផលវិបាកជាច្រើនដល់កម្ពុជា។

លោក ប្រាក់ សុខុន ឡើងថ្លែងសុន្ទរកថា។ 
លោក ប្រាក់ សុខុន ឡើងថ្លែងសុន្ទរកថា។ 

លោក បន្តថា ទោះជាមានបទឈប់បាញ់ជាមួយគ្នានៅចុងឆ្នាំ២០២៥ ហើយកំពុងដំណើរការក្តី តែបទឈប់បាញ់​នេះ នៅមានលក្ខណៈផុយស្រួយនៅឡើយ។ បន្ទាប់ពីបង្ហាញការផ្តើមសង្គ្រាមឈ្លានពានរបស់យោថៃ ប្រមុខការទូតកម្ពុជា ក៏អធិប្បាយអំពីការបន្តរំលោភបំពានរបស់យោធាថៃ ទាំងដែលភាគីទាំងពីរផ្អាកសង្គ្រាមទៅហើយ។ ប្រមុខការទូតកម្ពុជារូបនេះ រៀបរាប់ថា យោធាថៃកំពុងបង្កើតទីតាំងឈរជើងហួសពីបន្ទាត់ព្រំដែនខ្លួន ចូលមកខាងក្នុងដែនដីកម្ពុជា។

រូបតំណាងអំពីការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃដែលបង្កឡើងមុនដោយភាគីថៃ។
រូបតំណាងអំពីការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃដែលបង្កឡើងមុនដោយភាគីថៃ។

លោក ប្រាក់ សុខុន ប្រាប់អង្គប្រជុំទៀតថា យោធាថៃ បានដណ្តើមកាន់កាប់តំបន់ (ឬភូមិ) មួយចំនួនរបស់ប្រជាជនកម្ពុជា ដែលធ្វើឱ្យពួកគាត់ត្រូវរត់ចោលផ្ទះសម្បែង ហើយយោធាថៃថែមទាំងបានបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ផងដែរ។ លោក បន្ថែមថា បច្ចុប្បន្ន យោធាថៃ បានដាក់បន្លាលួស និងទូកុងតឺន័រ រារាំងមិនឱ្យប្រជាជនកម្ពុជាជាម្ចាស់ផ្ទះម្ចាស់ដីធ្លី ចូលទៅបានឡើយ។ 

យោធាឈ្លានពានថៃ រៀបកង់ឡានធ្វើជាប៉មនិងដោតទង់ជាតិខ្លួនស្ថិតក្នុងដីកម្ពុជា។ 
យោធាឈ្លានពានថៃ រៀបកង់ឡានធ្វើជាប៉មនិងដោតទង់ជាតិខ្លួនស្ថិតក្នុងដីកម្ពុជា។ 

លោក ប្រកាសថា សកម្មភាពទាំងនេះរបស់យោធាថៃ គឺបង្កផលប៉ះពាល់ដល់ប្រជាជនកម្ពុជា ហើយបង្កើតជាក្តីព្រួយបារម្ភធ្ងន់ធ្ងរចំពោះការបំពានច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិសន្តិសុខបុគ្គល និងសេរីភាពនៃការធ្វើដំណើរ ។ល។ ទោះជាយ៉ាងនេះក្តី លោក បានប្រាប់សហគមន៍អន្តរជាតិថា កម្ពុជា នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ភ្ជាប់បទឈប់បាញ់ និងកិច្ចសន្ទនា ដើម្បីទាញស្ថានការណ៍កម្ពុជា-ថៃឱ្យវិលមករកប្រក្រតីភាពឡើងវិញ។

យោធាឈ្លានពានថៃ ដាក់បន្លាលួសលើដីកម្ពុជា។ 
យោធាឈ្លានពានថៃ ដាក់បន្លាលួសលើដីកម្ពុជា។ 

ជាមួយគ្នា លោក ក៏បានដាក់សំណើទៅកាន់ភាគីថៃដែរ។ «ក្នុងស្មារតីនេះ កម្ពុជា ទាមទារ[ថៃ] គោរពឱ្យបានពេញលេញ និងដោយស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយត្រូវដកកងកម្លាំងចេញពីដែនដីកម្ពុជា» នេះជាសំណើពីខាងភាគីកម្ពុជាលើកឡើងដោយលោក ប្រាក់ សុខុន។ លោក ថែមទាំងទាមទារឱ្យថៃចូលរួមដោះស្រាយបញ្ហាជាមួយកម្ពុជាតាមសន្តិវិធី ផ្អែកលើគោលការណ៍មិនប្រើកម្លាំងដែលមានចែងក្នុងច្បាប់អន្តរជាតិ។ លោក សង្កត់ធ្ងន់ថា មានតែដោះស្រាយតាមវិធីនេះទេ ទើបប្រជាជាតិទាំងពីរអាចរស់នៅដោយសន្តិភាព និងស្ថិរភាពជាមួយគ្នា។     

យោធាឈ្លានពានថៃដាក់ទូកុងតឺន័រនិងឡើងដោតទង់ជាតិខ្លួនស្ថិតក្នុងដីកម្ពុជា។ 
យោធាឈ្លានពានថៃដាក់ទូកុងតឺន័រនិងឡើងដោតទង់ជាតិខ្លួនស្ថិតក្នុងដីកម្ពុជា។ 

ដល់វេនភាគីថៃឡើងថ្លែងវិញម្តង! លោក សីហស័ក្តិ ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសថៃ បានបដិសេធរាល់ការអះអាងរបស់រដ្ឋមន្រ្តីបរទេសកម្ពុជា។ ប្រមុខការទូតថៃ ថែមប្រកែកថា សុន្ទរកថារបស់ប្រមុខការទូតកម្ពុជា គឺខុសការពិត។ លោក សីហស័ក្តិ បានវាយប្រហារទាំងខុសការពិតថា ជម្លោះ​ព្រំដែន ​កើត​ឡើងដោយសារភាគីកម្ពុជា​​កាន់កាប់ដីថៃតាមព្រំដែនអស់ជាច្រើនឆ្នាំ និង​បង្កហេតុ​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​ជ្រៀតជ្រែករបស់​កម្ពុជា​ចូលក្នុង​នយោបាយ​ថៃ។ ជាមួយគ្នានេះ លោកបាន​ច្រានចោល​ការ​អះអាង​របស់​កម្ពុជា​ដែល​ថា ​ថៃ​កំពុង​ដណ្តើម​យក​ទឹក​ដី​។ 

លោក សីហស័ក្តិ ឡើងថ្លែងសុន្ទរកថា។ 
លោក សីហស័ក្តិ ឡើងថ្លែងសុន្ទរកថា។ 

ទោះបីមើលដឹងថា អន្តរជាតិមិនសូវជឿក៏ដោយ ក៏លោក សីហស័ក្តិ នៅតែប្រឹងនិយាយយកល្អថា ថៃ​មិនព្យាយាមបង្កបញ្ហាឡើយ តែ​ឱ្យ​តម្លៃលើ​សន្តិភាព។ ទន្ទេញពាក្យស្រឡាញ់សន្តិភាព ចង់បានសន្តិភាព តែលោក បែរជាធ្លោយមាត់ចេញភាសាហិង្សានៅមុខសហគមន៍អន្តរជាតិ។ ត្រង់ណាដែលថាភាសាហិង្សា? គឺនៅត្រង់លោកចោទសួរបែបគំរាមថា តើកម្ពុជា ចង់បានសន្តិភាព ឬក៏ចង់ឱ្យស្ថានភាពតានតឹង? 

យោធាឈ្លានពាន ចូលរំលោភបំពានក្នុងលំនៅឋានពលរដ្ឋកម្ពុជា។ 
យោធាឈ្លានពាន ចូលរំលោភបំពានក្នុងលំនៅឋានពលរដ្ឋកម្ពុជា។ 

ថ្វីបើរដ្ឋមន្រ្តីការបរទេសប្រឹងប្រកែក និងនិយាយយកល្អខ្លួនឯងយ៉ាងណាក៏ដោយ តែភស្តុតាងគរគោក បង្ហាញយ៉ាងច្បាស់ថា ថៃបង្កសង្គ្រាម និងរំលោភបំពានកម្ពុជា។ ជាពិសេសនោះ វីដេអូ និងរូបភាពជាច្រើន បង្ហាញពីសកម្មភាពយោធាថៃប្រើគ្រឿងចក្រវាយកម្ទេចផ្ទះសម្បែងប្រជាជនកម្ពុជា ចូលមកដាក់ទូកុងតឺន័រ ស្រាស់បន្លាលួស និងបន្តឈរជើងក្នុងតំបន់មួយចំនួនរបស់កម្ពុជា ទាំងដែលភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយគ្នារួចទៅហើយ៕  

យោធាឈ្លានពានថៃ ប្រើគ្រឿងចក្រកម្ទេចផ្ទះពលរដ្ឋកម្ពុជា។ 
យោធាឈ្លានពានថៃ ប្រើគ្រឿងចក្រកម្ទេចផ្ទះពលរដ្ឋកម្ពុជា។ 
យោធាឈ្លានពានថៃ បើកំាភ្លើងធំលើរថពាសដែកបាញ់កម្ទេចផ្ទះពលរដ្ឋកម្ពុជា និងអគារផ្សេងៗ។ 
យោធាឈ្លានពានថៃ បើកំាភ្លើងធំលើរថពាសដែកបាញ់កម្ទេចផ្ទះពលរដ្ឋកម្ពុជា និងអគារផ្សេងៗ។ 
យោធាឈ្លានពានថៃ ទម្លាក់គ្រាប់លើទឹកដីកម្ពុជា។ 
យោធាឈ្លានពានថៃ ទម្លាក់គ្រាប់លើទឹកដីកម្ពុជា។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត