ឃ្លាំងអាវុ.ធយោធាថៃឈ្លានពាននៅខេត្តសុរិន្ទ ផ្ទុះឆេះខ្ទេចខ្ទី
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីបាងកក៖ ស្របពេលមហិច្ឆតាចង់លេបត្របាក់ទឹកដីកម្ពុជានៅតាមព្រំដែនកំពុងពុះកញ្ជ្រោល កងទ័ពសៀមបែរជាជួបគ្រោះធំ។ កាលពីយប់ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦ ភាពចលាចលបានកើតឡើងយ៉ាងខ្លាំងនៅក្នុងទឹកដីខេត្តសុរិន្ទ បន្ទាប់ពីឃ្លាំងផ្ទុកគ្រាប់កាំភ្លើងរបស់កងពលធំល្បាតព្រំដែនលេខ២១របស់ថៃ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍​នេះ​ កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវក្នុងទីរួមស្រុកនៃខេត្តសុរិន្ទ...។

មណ្ឌលយោធាខេត្តលេខ២៥ នៃកងទ័ពជើងគោកថៃ (MTC) បានដាក់ពង្រាយអង្គភាព និងបុគ្គលិកពន្លត់អគ្គិភ័យ ដើម្បីគាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារផ្សេងទៀត ក្នុងការពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍។ បន្ថែម​ពី​លើ​នេះ វិធានការ​ត្រួត​ពិនិត្យ​ចរាចរណ៍ និង​សន្តិសុខ​​ត្រូវ​បានរឹតបន្តឹងនៅ​ជុំវិញ​តំបន់។ ទាក់ទិន​នឹង​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ អ្នកនាំពាក្យយោធាថៃ លោក វីនថៃ ស៊ូវ៉ារី (วินไทย สุวารี) បញ្ជាក់​ថា ការស៊ើបអង្កេត​កំពុង​បន្ត ហើយ​មូលហេតុ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ​។ យ៉ាងណា មន្រ្តីជាន់ខ្ពស់ថៃម្នាក់អះអាងថា មូលហេតុដែលបណ្ដាលឱ្យមានភ្លើងឆេះ គឺដោយសារកម្តៅក្ដៅខ្លាំងពេក ដូច្នេះ ដើម្បីទប់ស្កាត់ឧបទ្ទវហេតុដដែលនេះកើតឡើងនាពេលខាងមុខ វិធានការតឹងរ៉ឹងនឹងត្រូវបានដាក់ឱ្យដំណើរការ រួមទាំងប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព ឧបករណ៍បាញ់ទឹក និងប្រព័ន្ធខ្យល់ចេញចូលនៅក្នុងឃ្លាំងផ្ទុកអាវុធ។

លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នកនាំពាក្យយោធាថៃ
លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នកនាំពាក្យយោធាថៃ

នៅយប់ថ្ងៃទី២៤កុម្ភៈដដែល អភិបាលខេត្តសុរិន្ទ លោក ចំរើន វ៉ែនពេជ្រ (เจริญแหวนเพชร) និងមេបញ្ជាការយោធាខេត្តលេខ២៥ បានប្រាប់សាធារណជនអំពីករណីផ្ទុះឃ្លាំងអាវុធនេះថា អគ្គិភ័យ​បាន​បណ្ដាល​ឱ្យ​ផ្ទុះ​គ្រាប់កាំភ្លើង និងគ្រាប់ RPG ឬគ្រាប់បេ ធ្វើឱ្យមន្ត្រី​សន្តិសុខ​ម្នាក់​​រង​របួស។ សូមជម្រាបថា យោធាថៃឈ្លានពាន តែងអួតអាងពីសមត្ថភាពយោធារបស់ខ្លួន ផ្ទុយទៅវិញ សូម្បីតែការគ្រប់គ្រងសុវត្ថិភាពឃ្លាំងគ្រាប់កាំភ្លើងឱ្យបានត្រឹមត្រូវ ក៏ធ្វើមិនបានដែរ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាជនស៊ីវិល និងធ្វើឱ្យអាវុធដែលត្រៀមសម្រាប់បម្រើជាមហិច្ឆតាឈ្លានពាន ត្រូវរលាយក្លាយជាផេះផង់៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត