អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទក្បត់ជាតិ
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ តុលាការរដ្ឋធានីសេអ៊ូល នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានប្រកាសសាលក្រមដ៏រញ្ជួយបំផុត ដោយសម្រេចផ្ដន្ទាទោសអតីតប្រធានាធិបតី លោក យូន ស៊ុកយ៉ុល ឱ្យជាប់ពន្ធនាគារអស់មួយជីវិត...។

ការកាត់ទោសនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា លោកគឺជាមេខ្លោងនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងដាក់ប្រទេសស្ថិតក្រោមច្បាប់អាជ្ញាសឹកដោយខុសច្បាប់ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានរុញច្រានកូរ៉េខាងត្បូងឱ្យធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាកន្លងមក ព្រះរាជអាជ្ញាបានទាមទារឱ្យមានការផ្ដន្ទាទោសប្រហារជីវិត ចំពោះបុរសវ័យ៦៥ឆ្នាំរូបនេះក៏ដោយ ប៉ុន្តែតុលាការបានសម្រេចយកកម្រិតទោសជាប់ពន្ធនាគារអស់មួយជីវិត ជាកម្រិតទោសខ្ពស់បំផុតបន្ទាប់ពីទោសស្លាប់។ តុលាការបានលើកឡើងថា ទង្វើរបស់លោក យូន គឺជាការក្បត់នឹងទំនុកចិត្តរបស់រាស្ត្រ និងជាការប៉ុនប៉ងបំផ្លាញគ្រឹះប្រជាធិបតេយ្យ ដែលកូរ៉េខាងត្បូងកសាងយ៉ាងលំបាកអស់រយៈពេលជាច្រើនទសវត្សរ៍។

សូមរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៤ លោក យូន ស៊ុកយ៉ុល បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាជ្ញាសឹកយ៉ាងបន្ទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក និងមានការតវ៉ាទ្រង់ទ្រាយធំពីសំណាក់ប្រជាពលរដ្ឋរាប់សែននាក់។ សកម្មភាពក្បត់នឹងរដ្ឋធម្មនុញ្ញនេះ ធ្វើឱ្យលោកត្រូវបានសភាបោះឆ្នោតដកហូតតំណែង និងឈានដល់ការចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ។ សាលក្រមនាថ្ងៃនេះ មិនត្រឹមតែជាការបិទបញ្ចប់ជំពូកនយោបាយដ៏ខ្មៅងងឹតរបស់លោក យូន ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញឱ្យពិភពលោកឃើញពីភាពរឹងមាំនៃប្រព័ន្ធច្បាប់ និងស្ថាប័នប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង ដែលមិនអនុញ្ញាតឱ្យមេដឹកនាំណាម្នាក់ ស្ថិតនៅពីលើច្បាប់ឡើយ។ សម្រាប់ប្រជាពលរដ្ឋកូរ៉េខាងត្បូង សាលក្រមនេះ គឺជាមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងជាការដាស់តឿនដល់មេដឹកនាំជំនាន់ក្រោយ ឱ្យគោរពអំណាចរបស់ប្រជារាស្ត្រជាធំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត