
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានរៀបចំពិធីបង្អួតសាច់ដុំយោធាដ៏មហិមា និងគួរឱ្យតក់ស្លុត ដោយបង្ហាញមុខរថយន្តបង្ហោះមីស៊ីលស៊េរីថ្មីសន្លាងចំនួន៥០គ្រឿង ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ កម្ទេចសត្រូវត្រឹមមួយប៉ប្រិចភ្នែក។ ការបញ្ចេញសព្វាវុធដ៏សន្ធឹកសន្ធាប់នេះ គឺជាសារព្រមានចុងក្រោយទៅកាន់កូរ៉េខាងត្បូង ចំពេលដែលមហាសន្និបាតបក្សពលករកូរ៉េជិតមកដល់...។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមបូរ៉េ (KCNA) រថយន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់គាំទ្រប្រព័ន្ធបាញ់រ៉ុក្កែតច្រើនបំពង់ទំហំ៦០០មីលីម៉ែត្រ។ នៅក្នុងសន្ទរកថាដ៏អង់អាច លោក គីម ជុងអ៊ុន បានពណ៌នាថា អាវុធទាំងនេះ គឺជាអាវុធអច្ឆរិយៈ ដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យានាំផ្លូវដ៏ដ៏ទំនើប អាចកម្ទេចប្រព័ន្ធការពារមីស៊ីលរបស់កូរ៉េខាងត្បូងបានយ៉ាងងាយស្រួល។ លោកបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពនុយក្លេអ៊ែររបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្ត «បេសកកម្មយុទ្ធសាស្ត្រ» (ពាក្យសម្ងាត់សម្រាប់កិច្ចប្រតិបត្តិការនុយក្លេអ៊ែរ) ដើម្បីកម្ទេចរាល់ប្រព័ន្ធការពាររបស់សត្រូវ និងឈានទៅដល់ការវាយប្រហារដែនដីអាម៉េរិក ប្រសិនបើចាំបាច់។ លោកក៏បានបង្ហើបផងដែរថា មហាសន្និបាតបក្សខាងមុខ នឹងចេញផែនការថ្មីៗ ដើម្បីពង្រីកសមត្ថភាពនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងពេលជាមួយគ្នា លោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់លោក គីម ក៏បានបន្ថែមសីតុណ្ហភាពនយោបាយឱ្យកាន់តែក្ដៅដល់ចំណុចកំពូលផងដែរ។ បើទោះបីជាលោកស្រី បានងក់ក្បាលទទួលយកពាក្យសុំទោសពីរដ្ឋធានីសេអ៊ូល រឿងអាស្រូវដ្រូនលួចចូលទឹកដីខ្លួនក៏ដោយ ប៉ុន្តែសម្តីរបស់លោកស្រីប្រៀបដូចជាដាវក៏មុតស្រួច ដោយបានហៅកូរ៉េខាងត្បូងចំៗថាជា «រដ្ឋសត្រូវ»។ លោកស្រី បានបន្លឺវាចាព្រមានថា៖«ព្រំដែនជាមួយរដ្ឋសត្រូវ គឺត្រូវតែរឹងមាំជាដាច់ខាត!» និងបានសង្កត់ធ្ងន់ថា ប្រសិនបើមានដ្រូនសូម្បីតែមួយគ្រឿងហោះចូលទៀត នោះកូរ៉េខាងជើង នឹងឆ្លើយតបដោយកម្លាំងបាយសងសឹកយ៉ាងសាហាវឃោរឃៅបំផុត។

បច្ចុប្បន្ន ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាម ខណៈទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំនពីរ បានប្រែជាសត្រូវស្លាប់រស់ បន្ទាប់ពីលោក គីម ជុងអ៊ុន លុបចោលគោលនយោបាយបង្រួបបង្រួមជាតិ និងជំនួសមកវិញនូវទ្រឹស្តី«រដ្ឋពីរដែលមិនអាចនៅរួមលោកបាន»។ ពិភពលោកកំពុងអ៊ុតមើលថា តើមហាសន្និបាតបក្សខាងមុខ នឹងក្លាយជាការចាក់សាំងបន្ថែមលើភ្លើងសង្គ្រាម ឬយ៉ាងណា?


