
រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក ជុង ឌុងយ៉ុង (Chung Dong-young) បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៨ខែកុម្ភៈថា រដ្ឋាភិបាលសេអ៊ូលបានសម្ដែងការសោកស្ដាយ ទៅកាន់រដ្ឋធានីព្យុងយ៉ាង បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា មានជនស៊ីវិល៣នាក់ បានលួចបង្ហោះដ្រូនចូលទៅក្នុងដែនអាកាសកូរ៉េខាងជើងចំនួន៤ដង ចាប់តាំងពីប្រធានាធិបតី លី ជេម្យ៉ុង ឡើងកាន់តំណែងកាលពីឆ្នាំមុន។

យោងតាមការបញ្ជាក់ពីលោក ជុង ជនស៊ីវិលទាំងនោះបានបង្ហោះដ្រូនចន្លោះពីខែកញ្ញាឆ្នាំ២០២៥ ដល់ខែមករាឆ្នាំ២០២៦។ ក្នុងនោះ មានដ្រូន២គ្រឿងបានធ្លាក់ក្នុងទឹកដីកូរ៉េខាងជើង (ស្របតាមការចោទប្រកាន់របស់រដ្ឋធានីព្យុងយ៉ាង) ខណៈ២គ្រឿងទៀតបានហោះត្រឡប់មកក្រុង ផាជូ (Paju) ខាងកូរ៉េខាងត្បូងវិញ ក្រោយហោះកាត់ទីក្រុង ខេសុង (Kaesong) របស់កូរ៉េខាងជើង។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺអាជ្ញាធរកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតមន្ត្រីចារកម្មយោធា និងភ្នាក់ងារសម្ងាត់ជាតិខ្លួនឯងមួយចំនួន (NIS) ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នេះ។

បន្ថែមលើនេះ រដ្ឋមន្ត្រីរូបនេះ ក៏បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះករណីដែលអតីតប្រធានាធិបតី យូន ស៊ុកយ៉ុល (ដែលត្រូវបានបណ្តេញចេញពីតំណែង និងកំពុងជាប់ពន្ធនាគារ) បានបង្គាប់ឱ្យបញ្ជូនដ្រូនចំនួន១៨គ្រឿង ទៅកាន់តំបន់រសើបៗក្នុងកូរ៉េខាងជើង និងទៅលើការិយាល័យបក្សពលករកូរ៉េខាងជើងផងដែរ ដើម្បីបង្កឱ្យមានការវាយបក ហើយយកមកធ្វើជាលេសសម្រាប់ប្រកាសច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូងនាពេលកន្លងមក។ បច្ចុប្បន្ន លោក យូន កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទជួយរដ្ឋជាសត្រូវ។

ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍កាន់តែអាក្រក់ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងរឹតបណ្តឹងច្បាប់ ដោយបង្កើនទោសជាប់ពន្ធនាគារដល់១ឆ្នាំ ឬពិន័យជាប្រាក់១០លានវ៉ុន (ប្រហែល៧០០០ដុល្លារ) សម្រាប់អ្នកដែលបង្ហោះដ្រូនឆ្លងដែនដោយគ្មានការអនុញ្ញាត។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកស្រី គិម យូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានព្រមានថា ការបង្កហេតុបែបនេះអាចនឹងនាំទៅរកស្ថានភាពដ៏រន្ធត់៕



