
ដកស្រង់ពី៖ Hello គ្រូពេទ្យ
សុខភាព៖ ពេលឈឺត្រូវលេបថ្នាំ តែមនុស្សមួយចំនួនមិនចូលចិត្តលេបថ្នាំជាមួយទឹកធម្មតា ព្រោះល្វីង បែរជាទៅលេបជាមួយទឹកមួយចំនួន ដែលមិនមែនទឹកសធម្មតា ជាហេតុបង្កឱ្យជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងជាងមុន ហើយប្រភេទទឹកដែលមិនគួរទទួលទានជាមួយការលេបថ្នាំ មានដូចខាងក្រោម។

១.ទឹកដោះគោ៖ បើចង់ពិសាទឹកដោះគោ គួរតែពិសាមុន ឬក្រោយលេបថ្នាំបាន១ម៉ោង ហាមយកមកទទួលទានពេលលេបថ្នាំ ព្រោះក្នុងទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ទោះល្អសម្រាប់សុខភាពប៉ុន្តែ ធ្វើឱ្យប៉ះពាល់ដល់ការស្រូបជាតិថ្នាំ។ ២.ទឹកក្ដៅ ឬត្រជាក់ខ្លាំង៖ ការពិសាថ្នាំជាមួយទឹកក្ដៅ ឬត្រជាក់ខ្លាំង អាចបង្កឱ្យសារធាតុគីមីរបស់ថ្នាំមានការប្រែប្រួល វាអាចបង្កើនហានិភ័យនៃផលរំខានរបស់ថ្នាំ ដូច្នេះ គួរលេបថ្នាំជាមួយទឹកស្អាតក្នុងសីតុណ្ហភាពធម្មតា។

៣.ទឹកតែ៖ លេបថ្នាំជាមួយទឹកតែ គ្មានប្រសិទ្ធភាពឡើយ ព្រោះជាតិចត់របស់តែចូលទៅរារាំង ការស្រូបជាតិថ្នាំចូលក្នុងរាងកាយ ជាហេតុនាំឱ្យប្រសិទ្ធភាពថ្នាំមិនបានពេញលេញ។ បើចង់ទទួលទានទឹកតែ គឺត្រូវទទួលទាននៅចន្លោះពី ១-២ម៉ោងមុន ឬក្រោយលេបថ្នាំ។ ៤.ទឹកផ្លែឈើ៖ ទឹកផ្លែឈើមួយចំនួនអាចធ្វើឱ្យប៉ះពាល់ជាមួយថ្នាំ សកម្មភាពថ្នាំប្រែប្រួល ប្រសិទ្ធភាពថ្នាំធ្លាក់ចុះ និងអាចបង្កើនឱ្យមានប្រតិកម្មអន្តរកម្មថ្នាំកើតឡើង។ ៥. កាហ្វេ៖ ជាតិកាហ្វេអ៊ីន អាចមានប្រតិកម្មជាមួយថ្នាំមួយចំនួន ដូច្នេះមិនគួរពេលលេបថ្នាំជាមួយកាហ្វេទេ អាចធ្វើឱ្យជំងឺកាន់តែយ៉ាប់ជាងមុន៕




