សាកល្បងវិធីទាំង៧នេះ នឹងជួយកាត់បន្ថយស្បែកមុខឡើងខ្លាញ់
S
Sreyleak Yith
22 កុម្ភៈ 2026 02:09 AM

ដកស្រង់ពី៖ Hello គ្រូពេទ្យ

សុខភាព៖ មុខខ្លាញ់ កើតឡើងដោយសារការផលិតខ្លាញ់ច្រើនរបស់ក្រពេញខ្លាញ់ ហើយនៅពេលមុខមានខ្លាញ់ច្រើន អាចបង្កឱ្យកកស្ទះរន្ធញើស និងកើតមុន។ ការកើនឡើងនៃការផលិតខ្លាញ់ អាចមកពីហ្សែន ការប្រែប្រួលអ័រម៉ូន ឬស្ត្រេស តែអាចកាត់បន្ថយបញ្ហានេះបាន ដោយគ្រាន់តែសាកល្បងវិធីទាំង៧ ដូចខាងក្រោម…។

១. ផ្លាស់ប្ដូររបបអាហារ៖ អាហារ និងភេសជ្ជៈ ធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿន បង្កការរលាក និងការផលិតខ្លាញ់។ ដូច្នេះ អ្នកមានស្បែកមុខខ្លាញ់គួរទទួលបន្លែ-ផ្លែឈើ និងពពួកសណ្ដែកឱ្យបានច្រើន។ ២.លាងសម្អាតមុខជាប្រចាំ៖ អាចលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានជាតិកាត់តិច និងមាន pH ៥,៥  ចំនួនពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលល្ងាច ព្រោះការប្រើសាប៊ូលាងមុខដែលមានជាតិកាត់ខ្លាំង អាចធ្វើឱ្យការផលិតខ្លាញ់កាន់តែច្រើន។ មួយវិញទៀត ក្រោយពីហាត់ប្រាណរួចក៏ត្រូវសម្អាតមុខដែរ ដើម្បីឱ្យស្បែកមានសុខភាពល្អ។ ៣. លាងសម្អាតគ្រឿងសម្អាងមុនចូលគេង៖ នៅពេលដែលទុកគ្រឿងសម្អាងលើមុខចោលពេញមួយយប់ អាចនឹងកកនៅរន្ធញើស និងធ្វើឱ្យស្បែករលាក យកល្អត្រូវលាងគ្រឿងសម្អាងចេញមុនចូលគេង។

៤.គ្រប់គ្រងស្ត្រេស៖ អ្នកជំនាញលើកទ្បើងថា ស្ត្រេសអាចភ្ញោចការបញ្ចេញអ័រម៉ូន ដែលជំរុញការផលិតខ្លាញ់ ហេតុនេះហើយត្រូវគ្រប់គ្រងស្ត្រេសឱ្យបានល្អដោយ ហាត់យ៉ូហ្កា សមាធិ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន តែចៀសវាងពិសាគ្រឿងស្រវឹង។ ៥.ប្រើទឹកផ្តល់សំណើម (Moisturizer) ជាប្រចាំ៖ ទឹកផ្តល់សំណើមមួយចំនួនបង្កើនការផលិតខ្លាញ់នៅលើស្បែក ឬធ្វើឱ្យស្ទះរន្ធញើស ប៉ុន្តែទឹកផ្តល់សំណើមខ្លះទៀត មិនមានជាតិប្រេងអាចជួយផ្តល់សំណើមដល់ស្បែក ដូច្នេះជ្រើសរើសទឹកផ្តល់សំណើមសម្រាប់ពេលថ្ងៃ ដែលអាចការពារកម្ដៅព្រះអាទិត្យ (SPF 30+)។ ៦. ប្រើប្រាស់ផលិតផលមានអាស៊ីដសាលីស៊ីលិច (Salicylic acid)៖ ការប្រើប្រាស់ផលិតផលខាត់មុខ មានអាស៊ីដសាលីស៊ីលិច រាល់សប្ដាហ៍អាចជួយកម្ចាត់កោសិកាស្បែកងាប់ និងខ្លាញ់ ដែលលើសលើស្បែកមុខ និងកម្ទេចធូលី។

៧.ប្រើប្រាស់ផលិតផលមានជាតិតែបៃតង៖ សារធាតុប្រឆាំងអុកស៊ីតកម្មផូលីហ្វេណុល (Polyphenol) មានក្នុងតែបៃតង អាចជួយព្យាបាលបញ្ហា ស្បែកខ្លាញ់ និងស្បែកផ្សេងៗ។ ការសិក្សាឆ្នាំ២០១៧ បានបង្ហាញថា សារធាតុផូលីហ្វេណុលនៅក្នុងតែបៃតង អាចកាត់បន្ថយការផលិតខ្លាញ់៕ 


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត