
សុខភាព៖ បើទោះបីជារវល់ខ្លាំងក្នុងការរកស៊ី ឬធ្វើការយ៉ាងណាក៏ដោយ សុខភាពពិតជាសំខាន់ណាស់ ដូច្នេះ គួរតែឆ្លៀតពេលខ្លះហាត់ប្រាណ ពិសេសនៅពេលម៉ោង៤ទៅម៉ោង៦ទៀបភ្លឺ ដើម្បីឱ្យរាងកាយមានសុខភាពល្អមិនងាយឈឺ...។

ការហាត់ប្រាណពេលព្រឹក ទទួលបានអត្ថប្រយោជន៍ ដូចជា៖
ទី១ សុខភាពដំណេក៖ ការហាត់ប្រាណពេលព្រឹក នឹងរួមចំណែកសម្រួលដល់សុខភាពដំណេកពេលយប់ ដោយសារការហាត់ប្រាណពេលព្រឹកចន្លោះម៉ោង៤ទៅ៦ព្រឹក គឺជាពេលវេលាវដ្ដៈនៃដំណើរការគេងដែលបែងចែកជាពីរ
គឺពេលយប់ និងពេលថ្ងៃ។ ពេលយប់ រាប់ចាប់ពីពេលវេលាត្រូវគេងពីម៉ោង៩ ឬ១០
ហើយភ្ញាក់វិញចន្លោះពីម៉ោង៤ទៅ៥ព្រឹក ស្មើនឹ៧ទៅ៨ម៉ោង។
ការហាត់ប្រាណពេលព្រឹកដែលជំនួយដល់ការគេង គឺប្រភេទហាត់ប្រាណបែបអេរ៉ូប៊ីក (aerobic)
កម្រិតមធ្យម គឺជាការហាត់ប្រាណដែលពត់ដងខ្លួន កាយវិការច្រើន ជួយសម្រួលដល់សាច់ដុំ សរសៃឈាម ជាពិសេសផ្នែកសរសៃឈាមខួរក្បាល។
បើតាមវេជ្ជបណ្ឌិតផ្នែកសុខភាពដំណេក បានណែនាំឱ្យហាត់ប្រាណពេលព្រឹកជាប្រចាំឱ្យបាន៣០នាទីទៅ១ម៉ោង។

ទី២ ពង្រឹងសា្មរតីឱ្យបានល្អ៖ ការហាត់ប្រាណពេលព្រឹក ជួយឱ្យអារម្មណ៍ស្រស់សា្រយ ព្រោះការបែកញើសពេលព្រឹកព្រលឹមនឹងជួយបង្កើនទៅ អ័រម៉ូនអង់ដូហ្វីន (endorphins) សេរ៉ូតូនីន (serotonin) និងដូប៉ាមីន (dopamine)។ អ័រម៉ូនទាំងបីប្រភេទនេះ មានតួនាទីសំខាន់ សម្រាប់ខួរក្បាល និងប្រព័ន្ធប្រសាទមិនអាចខ្វះបាន។ ការហាត់ប្រាណពេលព្រឹកជាមួយអារម្មណ៍ស្រស់ស្រាយ បរិយាកាសត្រជាក់ ពិតជាផ្ដល់អត្ថប្រយោជន៍ដល់ស្មារតី មួយវិញទៀត ជួយឱ្យមានទម្លាប់ក្រោកលឿនពីព្រឹក។ ទី៣ គ្មានការរំខានពេលហាត់ប្រាណ៖ ហាត់ប្រាណពេលព្រឹកចន្លោះពីម៉ោង ៤ទៅ៦ព្រឹក មិនថារយៈពេលតិច ឬច្រើន នឹងមិនធ្វើឱ្យមានការរំខានខ្លាំងដូចពេលរសៀល ឬយប់នោះទេ។ ការធ្វើលំហាត់ប្រាណក្នុងអំឡុងពេលព្រឹក ទោះបីអ្នកចូលចិត្ដហាត់ប្រាណនៅទីសាធារណៈ សួនច្បារមាត់ទន្លេ ក៏មិនសូវមានមនុស្សច្រើន។ អាចហាត់ប្រាណដោយការជិះកង់ ការដើរ ការរត់ ឬសកម្មភាពរាងកាយផ្សេងៗទៀតដោយរីករាយ ។

ចំណែកគុណប្រយោជន៍ចុងក្រោយគេទី៤នោះ គឺជួយដល់រាងកាយ៖ រាងកាយក្រោយពេលសម្រាក៦ទៅ៨ម៉ោង នឹងចាប់ផ្ដើមដំណើរការព្រមគ្នា សរសៃឈាមចាប់ផ្ដើមធ្វើការសព្វរាងកាយ។ ក្នុងចំណុចនេះ ក៏ជំនួយទៅដល់ដំណើរការមេតាប៉ូលីស ក្នុងរាងកាយ។ មេតាប៉ូលីស គឺជាដំណើររការបំបែកពពួកប្រូតេអ៊ីន ខ្លាញ់ ស្ករ កាបូននីដ្រាត ដើម្បីបង្កើតថាមពលចិញ្ចឹមរាងកាយ ដូច្នេះដំណើរការមេតាប៉ូលីសល្អ នោះសុខភាពក៏កាន់តែល្អដែរ។ វេជ្ជបណ្ឌិតនៅសហរដ្ឋអាម៉េរិក ធ្លាក់លើកឡើងថា ការពិសាទឹក១កែវពេលព្រឹក អាចជួយដល់ដំណើររការមេតាប៉ូលីស គឺមិនទាន់គ្រប់គ្រាន់ទេ តែបើបានហាត់ប្រាណទៀត ទើបកាន់តែប្រសើរ៕
ដកស្រង់ពី៖ Hello គ្រូពេទ្យ



