
រាជធានីតូក្យូ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចកំណត់ពេលវេលាច្បាស់លាស់ជាលើកដំបូង ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស នៅលើកោះយូណាហ្គូនី (Yonaguni) ជាកោះដាច់ស្រយាលនៅភាគខាងលិចបំផុត និងស្ថិតនៅកៀកបំផុតជាមួយកោះតៃវ៉ាន់...។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បានបញ្ជាក់ថា យុទ្ធសាស្ត្រពង្រឹងសន្តិសុខនេះ នឹងត្រូវសម្រេចឱ្យបាននៅត្រឹមខែមីនា ឆ្នាំ២០៣១ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់។ កោះយូណាហ្គូនី មានទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ ដោយស្ថិតនៅចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រប៉ុណ្ណោះ ពីកោះតៃវ៉ាន់។ ការប្រកាសនេះ ធ្វើឡើងចំពេលទំនាក់ទំនងរវាងរាជធានីតូក្យូ និងរដ្ឋធានីប៉េកាំង កំពុងធ្លាក់ចុះដុនដាបយ៉ាងខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី បង្ហើបពីលទ្ធភាពដែលជប៉ុនអាចនឹងលូកដៃផ្នែកយោធា ប្រសិនបើមានការវាយប្រហារណាមួយលើកូនកោះតៃវ៉ាន់។ ជាការសងសឹក ចិនបានចាប់ផ្ដើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនជប៉ុនរាប់សិប និងបានរារាំងមិនឱ្យពលរដ្ឋខ្លួនទៅកម្សាន្តនៅជប៉ុន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ជប៉ុន។

មិនត្រឹមតែវិធានការសេដ្ឋកិច្ចឡើយ រដ្ឋធានីប៉េកាំងតាមរយៈប្រមុខការបរទេស លោក វ៉ាង យី ក៏បានចោទប្រកាន់ជប៉ុនចំៗថា កំពុងព្យាយាមបង្កើនលទ្ធិយោធានិយមឡើងវិញ។ ទោះជាយ៉ាងណា លោកស្រីនាយករដ្ឋមន្ត្រី តាកៃឈី បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា ចិនខ្លួនឯងទេដែលកំពុងព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននៅសមុទ្ទចិនខាងកើត និងខាងត្បូង តាមរយៈការបង្ខិតបង្ខំ ដូច្នេះ ជប៉ុនចាំបាច់ត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឱ្យបានរឹងមាំបំផុត ដើម្បីការពារអធិបតេយ្យភាព និងស្ថិរភាពក្នុងតំបន់៕



