
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានវាយប្រហារពាក្យសម្ដីធ្ងន់ៗទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៣កុម្ភៈម្សិលមិញ ដោយចោទចំៗថា រដ្ឋធានីប៉េកាំង កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងល្បឿនលឿនបំផុត ដែលមិនធ្លាប់មាន និងបានលួចធ្វើតែស្តនុយក្លេអ៊ែរដោយសម្ងាត់។ យ៉ាងណា ភាគីចិនមិនទទួលការចោទប្រកាន់នេះទេ និងបានវាយបកអាម៉េរិកវិញភ្លាមៗ ថាកំពុងព្យាយាមលាបពណ៌ និងមួលបង្កាច់ការពិត...។

ការចោទប្រកាន់ធ្ងន់ៗនេះ កើតឡើងចំពេលពិភពលោកកំពុងស្ថិតក្នុងភាពស្រពិចស្រពិលផ្នែកសន្តិសុខ ខណៈដែលសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ New START បានផុតកំណត់ ធ្វើឱ្យគ្មានច្បាប់អន្តរជាតិណាមួយបង្ខាំងមហាអំណាចទាំងនេះបានឡើយ។ នៅក្នុងសន្និសីទ ស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ លោក គ្រីស្ទូហ្វើ យ៉ែវ (Christopher Yeaw) ឧបការីក្រសួងការបរទេសអាម៉េរិក បានប្រើពាក្យសម្ដីធ្ងន់ៗវាយប្រហារទៅលើប្ទេសចិនថា បានលួចពង្រីកអានុភាពគ្រាប់បែកបរមាណូរបស់ខ្លួន ដោយគ្មានតម្លាភាព។ លោកបញ្ជាក់យ៉ាងច្បាស់ថា៖«ចិនបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងមហាសាល ដោយចេតនា និងគ្មានការទប់ស្កាត់ ហើយក៏គ្មានការបញ្ជាក់ពីគោលបំណងពិតប្រាកដ ឬចំណុចបញ្ចប់នៃសកម្មភាពនេះឡើយ»។

លោកបន្ថែមថា បើនៅតែបន្តបែបនេះ ៤ទៅ៥ឆ្នាំទៀត ចិននឹងមានកម្លាំងនុយក្លេអ៊ែរខ្លាំងស្មើនឹងអាម៉េរិកមិនខាន ដោយសង្កត់ធ្ងន់ថា រដ្ឋធានីប៉េកាំងនឹងមានសារធាតុសម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង១០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតចិន សេន ជៀន (Shen Jian) បានចេញមុខច្រានចោលទាំងស្រុង និងបានរិះគន់អាម៉េរិកវិញថា កំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន។ លោក សេន ថ្លែងយ៉ាងដាច់អហង្កាថា៖«ចិនប្រឆាំងដាច់ខាត ចំពោះការបំភ្លៃ និងការលាបពណ៌លើគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ពីសំណាក់ប្រទេសមួយចំនួន[..]។ ចិននឹងមិនចូលរួមក្នុងការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរជាមួយប្រទេសណាមួយឡើយ»។ លោកបន្ថែមថា៖«ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន មិនមែនស្ថិតក្នុងលំដាប់ថ្នាក់ជាមួយប្រទេសដែលមានអាវុធនុយក្លេអ៊ែរច្រើនបំផុតនោះទេ។ ដូច្នេះ វាមិនយុត្តិធម៌ មិនសមហេតុផល និងមិនមានភាពប្រាកដនិយមទាល់តែសោះ ដែលរំពឹងថា ចិននឹងត្រូវចូលរួមក្នុងកិច្ចចរចាត្រីភាគីនោះ»។

សហរដ្ឋអាម៉េរិក បាននិងកំពុងព្យាយាមអូសចិនឱ្យចូលតុចរចាបង្កើតសន្ធិសញ្ញាថ្មី តែភាគីចិននៅតែរក្សាជំហររឹងត្អឹង ថាខ្លួនគ្រាន់តែពង្រឹងសមត្ថភាពការពារជាតិកម្រិតអប្បបរមាប៉ុណ្ណោះ ព្រោះសហរដ្ឋអាម៉េរិក និងរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង៥០០០គ្រាប់។ ទោះយ៉ាងណា ការដែលចិនកំពុងសម្រុកផលិតគ្រាប់បែកឱ្យបានដល់១០០០គ្រាប់ នាពេលឆាប់ៗខាងមុខ ត្រូវបានគេមើលឃើញថា ប្រទេសមហាអំណាចកំពុងប្រណាំងប្រជែងគ្នា បង្កើនអាវុធប្រល័យលោក ដែលអាចធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ក្នុងគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយមកទប់ស្កាត់បានទាន់ពេលទេនោះ៕




