អាម៉េរិកចូលតុចរចាជាមួយរុស្ស៊ី-ចិន ដើម្បីទប់ស្កាត់មហន្តរាយនៃអាវុធមហាប្រល័យ
ហៀប ស៊ីថេត
20 ម៉ោងមុន

ទីក្រុងហ្សឺណែវ៖ សហរដ្ឋអាម៉េរិក បានជួបជាមួយគណៈប្រតិភូរុស្ស៊ីនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទទី២២កុម្ភៈ ហើយនឹងបន្តជួបជាមួយគណៈប្រតិភូចិន នៅថ្ងៃអង្គារទី២៤កុម្ភៈនេះ សម្រាប់កិច្ចពិភាក្សាអំពីការបង្កើតសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរពហុភាគីដ៏មានសក្តានុពល នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាម៉េរិក...។

វាជាជំហានសំខាន់ បន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ឬNew START បានផុតកំណត់នៅដើមខែកុម្ភៈឆ្នាំនេះ។ សន្ធិសញ្ញានេះ ធ្លាប់កំណត់ចំនួនមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ អាចដាក់ពង្រាយបាន ប៉ុន្តែឥឡូវគ្មានកិច្ចព្រមព្រៀងណាមួយកំណត់ទៀតទេ ដែលអាចនាំឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មីកាន់តែស្រួចស្រាវ។ អាម៉េរិកបានអះអាងថា ចិនកំពុងពង្រីកអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងបានលើកឡើងពីការសាកល្បងនុយក្លេអ៊ែរដោយសម្ងាត់កាលពីឆ្នាំ២០២០ ជាអ្វីដែលរដ្ឋធានីប៉េកាំងចេញមុខបដិសេធយ៉ាងដាច់អហង្កា។ ទោះយ៉ាងណា មន្ត្រីអាម៉េរិកបង្ហាញក្ដីសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងនាំទៅរកកិច្ចព្រមព្រៀងថ្មី ដែលរួមបញ្ចូលប្រទេសមានអាវុធនុយក្លេអ៊ែរទាំង៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬ P5 រួមមាន៖ អាម៉េរិក រុស្ស៊ី ចិន បារាំង និងចក្រភពអង់គ្លេស

ទង់ជាតិចិន និងសហរដ្ឋអាម៉េរិក
ទង់ជាតិចិន និងសហរដ្ឋអាម៉េរិក

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការរំសាយអាវុធ លោក សេន ជៀន (Shen Jian) បានអះអាងកាលពីដើមខែកុម្ភៈនេះ ថា រដ្ឋធានីប៉េកាំងនឹងមិនចូលរួមក្នុងការចរចាថ្មី សម្រាប់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរដ្ឋធានីមូស្គូ និងរដ្ឋធានីវ៉ាស៊ីនតោន នៅដំណាក់កាលនេះទេ។ យ៉ាងណា វាមិនច្បាស់ភ្លាមៗទេ ថា តើកិច្ចចរចានៅថ្ងៃអង្គារទី២៤នេះ ពាក់ព័ន្ធនឹងការចរចាជាផ្លូវការឬអត់..? ទន្ទឹមគ្នា កាលពីដើមខែកុម្ភៈ សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ចិនបានសាកល្បងអាវុធនុយក្លេអ៊ែរដោយសម្ងាត់មួយនៅក្នុងខែមិថុនា ឆ្នាំ២០២០។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋធានីវ៉ាស៊ីនតោនក៏បានអះអាងទៀតថា ចិនបានបង្កើនចំនួនគ្រាប់បែកបរមាណូ ឬអាវុធនុយក្លេអ៊ែរយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលោក ជៀន បានទាត់ចោលការចោទប្រកាន់នេះដូចគ្នា៕

លោក សេន ជៀន 
លោក សេន ជៀន 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត