ចិនដាក់បញ្ចូលក្រុមហ៊ុនជប៉ុនចំនួន៤០ក្នុងបញ្ជីរខ្មៅ ដើម្បីកាត់ផ្ដាច់សរសៃឈាមយោធា
ហៀប ស៊ីថេត
19 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ទំនាក់ទំនងរវាងរដ្ឋធានីប៉េកាំង និងរាជធានីតូក្យូ កាន់តែពិបាកនឹកស្មាន ដោយពេលនេះ ក្រសួងពាណិជ្ជកម្មចិន បានចាត់វិធានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ទៅនឹងក្រុមហ៊ុន និងអង្គភាពជប៉ុនចំនួន៤០ នៅថ្ងៃអង្គារទី២៤កុម្ភៈនេះ ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ លើទំនាក់ទំនងយោធារបស់ពួកគេ...។

នេះជាជំហានចុងក្រោយបំផុត ក្នុងភាពតានតឹងដ៏ស្រួចស្រាវ រវាងប្រទេសអាស៊ីខាងកើតទាំង២ ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) ព្រមានអន្តរាគមន៍យោធា ប្រសិនបើរដ្ឋធានីប៉េកាំងហ៊ានបើកការវាយប្រហារ និងច្របាច់-កកូនកោះតៃវ៉ាន់។ ក្រសួងពាណិជ្ជកម្មចិន បានកំណត់ការគ្រប់គ្រងលើការនាំចេញរបស់អង្គភាព ឬក្រុមហ៊ុមនៃប្រទេសជប៉ុនចំនួន២០ រួមទាំងក្រុមហ៊ុន Mitsubishi និងទីភ្នាក់ងារអវកាសជប៉ុន ដោយចោទប្រកាន់ពួកគេថា បានជួយបង្កើនសមត្ថភាពយោធា។ ក្រសួងបានបន្ថែមអង្គភាពជប៉ុនចំនួន២០បន្ថែមទៀត រួមទាំងក្រុមហ៊ុន Subaru ទៅក្នុងបញ្ជីតាមដាន ដែលតម្រូវឱ្យមានការពិនិត្យឡើងវិញយ៉ាងតឹងរ៉ឹងលើការនាំចេញរបស់របរប្រើប្រាស់ផ្សេងៗ។

ក្រុមហ៊ុន Mitsubishi
ក្រុមហ៊ុន Mitsubishi

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ផងដែរថា៖«វិធានការខាងលើ មានគោលបំណងទប់ស្កាត់ការពង្រីកអំណាចយោធា និងមហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន ហើយវាជារឿងត្រឹមត្រូវ សមហេតុផល និងស្របច្បាប់ទាំងស្រុង»។ «សកម្មភាពចុះបញ្ជីស្របច្បាប់របស់ចិន ផ្តោតលើអង្គភាពជប៉ុនមួយចំនួនតូចប៉ុណ្ណោះ វិធានការពាក់ព័ន្ធ គឺផ្តោតលើរបស់របរប្រើប្រាស់ ហើយមិនប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងជប៉ុនទេ។ អង្គភាពជប៉ុនដែលស្មោះត្រង់ និងគោរពច្បាប់មិនមានអ្វី ដែលត្រូវព្រួយបារម្ភនោះឡើយ» នេះជាការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មចិន។មែនទែនទៅ ចិនបានបង្កើនសម្ពាធលើប្រទេសជប៉ុនកាន់តែខ្លាំង ចាប់តាំងពីលោកស្រីនាយករដ្ឋមន្ត្រី សាណាអេ តាកៃឈី ព្រមានអន្តរាគមន៍យោធា ឆ្លើយតបចំពោះការវាយប្រហាររបស់រដ្ឋធានីប៉េកាំង លើកោះតៃវ៉ាន់។

លោកស្រី សាណា តាកៃឈី
លោកស្រី សាណា តាកៃឈី

ចាប់តាំងពីពេលនោះមក ចិនបានចាប់ផ្តើមរឹតបន្តឹងការនាំចេញរ៉ែកម្រទៅក្រុមហ៊ុនជប៉ុន ធ្វើឱ្យអតីតខ្លាកំណាចជំនាន់សង្គ្រាមលោកមួយនេះ​ បង្ខំចិត្តបើកប្រតិបត្តិការរុករករ៉ែកម្រដោយខ្លួនឯង ព្រោះមិនចង់ខ្ចីច្រមុះចិនដកដង្ហើម។ ការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងអង្គភាពចំនួន៤០របស់ជប៉ុន ពីសំណាក់ក្រសួងពាណិជ្ជកម្មចិន មិនមែនគ្រាន់តែជាការផ្តាច់ដង្ហើមពាណិជ្ជកម្មទេ ប៉ុន្តែជាក៏ជាយុទ្ធនាការនៃការដាក់សម្ពាធលើការពង្រីកសាច់ដុំយោធារបស់រាជធានីតូក្យូផងដែរ។ ការណ៍នេះ ទំនងជាធ្វើឱ្យខ្លាកំណាចជប៉ុន ក្ដៅស្លឹកត្រចៀកកាន់តែខ្លាំងថែមមួយកម្រិតទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត